នាយករដ្ឋមន្ដ្រីកម្ពុជា ៖ មេគង្គ-ឡានឆាង សុទ្ធតែជាប្រទេសផលិតស្បៀង ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ជាមួយចិនមានសារសំខាន់ ក្នុងដំណាក់កាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ ចំពោះមុខថ្នាក់នាំកំពូល មេគង្គ-ឡានឆាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា មេគង្គ-ឡានឆាង សុទ្ធតែជាប្រទេស ផលិតស្បៀង ដូច្នេះ កិច្ចសហប្រតិបត្តិការ ជំរុញធ្វើពាណិជ្ជកម្មរវាង បណ្ដាប្រទេសផលិតស្បៀង នៅតាមបណ្ដាប្រទេស មេគង្គ-ឡានឆាង ជាមួយនឹងចិនពិត ជាមានសារៈសំខាន់ ក្នុងដំណាក់កាល ជំងឺកូវីដ-១៩ ។
ក្នុងកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង លើកទី៣ តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាផលិតផលកសិកម្មរបស់ប្រទេស មេគង្គ-ឡានឆាង នឹងត្រូវនាំចូលទៅកាន់ប្រទេសចិន ជាបន្ដបន្ទាប់ នឹងមានកំណើនកាន់តែខ្ពស់ផងដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «ដោយសារប្រទេស មេគង្គ-ឡានឆាង ទាំង៥ គឺសុទ្ធតែជាប្រទេស ផលិតស្បៀង ដូច្នេះ កិច្ចសហប្រតិបត្តិការ ក្នុងការជំរុញធ្វើពាណិជ្ជកម្មរវាង បណ្ដាប្រទេសដែលផលិត ស្បៀង នៅតាមបណ្ដាប្រទេសមេគង្គ ជាមួយនឹងចិន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ដែលយើងមិនទាន់ដឹងថា ពេលណាត្រូវបញ្ចប់» ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងថាកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលឈរលើគោលការណ៍ស្នូលរបស់ខ្លួនបានធានា និងទ្រទ្រង់នូវចលនការ ជាវិជ្ជមានដ៏ច្រើន សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ ទាំងក្នុងគ្រាមានសុខសន្ដិភាព ដ៏ដូចជាក្នុងគ្រាលំបាក៕EB