ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ (3rd Mekong-Lancang Cooperation Summit) តាមប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលមានលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ សមាជិកនៃឡានឆាង-មេគង្គគឺមានប្រទេស ៦ដូចជា ៖ កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងចិន។
កិច្ចប្រជុំតាមប្រព័ន្ធ Video Conference ក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុល ភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាព សម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។
ថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំ ប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការប្រយុទ្ធប្រឆាំងនិងដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារ សេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។
កិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសន្តិភាព ប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕EB