អ្នកនាំពាក្យក្រសួងសុខាភិបាល ថា បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ គឺដោយសារតែគាំងបេះដូង មិនមែនជាករណីជំងឺកូវីដ-១៩ ឡេីយ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៌នេះ បានកេីតឡេីងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
លោកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុុមអ្នកសារព័ត៌មានក្នុងតេឡេក្រាម ថា មានបុរសជនជាតិ អាយុ ៤៦ឆ្នាំ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
លុះដល់ម៉ោង ៣ជិតភ្លឺ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ (តាមការពិនិត្យធ្វេីកោសល្យវិច្ចយ័) និងស្ត្រីជាសង្សារ ក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា បុរសជនជាតិចិនរូបនេះ បានស្លាប់ពេលកំពុងរួមភេទដែរ។
បច្ចុប្បន្ននេះ ក្រុមការងារ និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម ។
ក្រសួងបញ្ជាក់ថា ជនជាតិចិន ដែលបានស្លាប់ខាងលេីនេះ ជាមេការ សំណង់នៅរាជធានីភ្នំពេញ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលេី ប្រហែលជាមួយឆ្នាំហើយ ៗបុរសជនជាតិចិនរូបនេះ តែងតែមកលេងស្រុកខាងស្ត្រី និងជួបស្ត្រីនេះម្តងៗ មុនពេលដែលមានហេតុការណ៌ស្លាប់ខាងលេីនេះ។
ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកវត្ថុសំណាកពីសាកសពខាងលេី នៅព្រឹកថ្ងៃដដែល បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហេីយលទ្ធផលបានបញ្ជាក់ថា សពគ្មានផ្ទុកនូវវីរុសកូវីដ-១៩ នោះទេ។ ដូច្នេះ ករណីស្លាប់ភ្លាមៗពេលរួមភេទនេះ គឺបណ្តាលមកពីការឡេីងឈាមខ្លាំង ធ្វេីឲ្យគាំងបេះដូង តែម្តង៕EB