ភ្នំពេញ ៖ ពីទីក្រុងនីស ប្រទេសបារាំង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាញព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។

តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋសូមជៀសវាងបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជន និងប្រជាជនកម្ពុជា-ថៃ។

បន្ថែមទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។

បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ថៃ។

នៅក្នុងខ្លឹមសារដែលបានបង្ហោះនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឡើងវិញអំពីខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ រួមមាន៖

ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ

ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ

ទី៣៖ កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា

ទី៤៖ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ