អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ថា អស់ជំងឺកូវីដ-១៩ វៀតណាមនឹងរើតង់ ចេញពីតំបន់មិនទាន់ឯកភាពគ្នា
ភ្នំពេញ ៖ លោកស្រី កុយ ពិសី អនុប្រធានអចិន្រ្តៃយ៍ លេខាធិការដ្ឋានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងថា ភាគីវៀតណាម នឹងរុះរើតង់ចេញពីតំបន់ មិនទាន់ឯកភាពគ្នា ក្រោយកូវីដ១៩ រលាយបាត់អស់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ២៩ កក្កដា លោកស្រី កុយ ពិសី បានបញ្ចេញប្រតិកម្ម ចំពោះជនអគតិមួយចំនួន យកសំដីរបស់លោកស្រី ទៅបំភ្លៃខុសពីការពិត អំពីបញ្ហាព្រំដែន ក្រោយពីលោកស្រី បានផ្តល់បទសំភាសន៍ទៅវិទ្យុបារាំង។
លោកស្រី បានមានប្រសាសន៍ថា មានជន ដែល មានទម្លាប់បន្លំបោកប្រាស់ និងបំផ្លើសពាក្យសម្តី របស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ និងមហិច្ចតាទុច្ចរឹតរបស់ខ្លួន បានច្បិចយកបទសម្ភាសន៍ របស់លោកស្រីនៅវិទ្យុបារាំង (RFI) ថា ការបោះតង់របស់វៀតណាម គឺជារឿងតូចតាច ប៉ុន្តែគេពុំបានបន្តស្រង់យក ការពន្យល់របស់លោកស្រី មកជូនអ្នកស្តាប់នោះទេ ធ្វើឲ្យអ្នកមើលហ្វេសប៊ុក របស់ជនអគតិមានការ យល់ខុសមកលើលោកស្រី ។
លោកស្រីបន្តថា លោកស្រី និងថ្នាក់ដឹកនាំព្រំដែន ជាពិសេសសម្តេចតេជោ បានដាក់ទាំងជីវិត ដើម្បីការពារ ទឹកដីមួយនេះរហូតមក ដូច្នេះគ្រប់ដង្ហើមចេញចូល របស់មិនដែលភ្លេច នូវកាតព្វកិច្ចរបស់ខ្លួនឡើយ គឺការការពារឲ្យបានបូរណភាពទឹកដី និងមិនឲ្យបរទេសណា មកបំពានកម្ពុជា ហើយកម្ពុជាក៏មិនបំពានទឹកដីគេវិញដែរ។
លោកស្រីបញ្ជាក់ថា «សំណួរដែល RFI សួរខ្ញុំថា គណៈកម្មការព្រំដែនអត់ច្បាប់ ដែលកំពុងរស់នៅលើទឹកដីគេនោះ បានស្នើឲ្យរដ្ឋាភិបាលប្តឹង ទៅអន្តរជាតិពីការដែលវៀតណាម បោះតង់ក្នុងដីកម្ពុជា តើខ្ញុំយល់ថាម៉េច? ខ្ញុំថា រឿងនេះ ខាងព្រំដែន ខាងមហាផ្ទៃ បាននឹងកំពុងធ្វើការងារនេះ ហើយៗវាជារឿង ដែលយើងអាចនិយាយគ្នាបាន ជាទ្វេភាគី មិនមែនធំដុំដោះស្រាយមិនចេញ ហើយចាំបាច់ទៅរកគេជួយនោះទេ។ កម្ពុជាបានធ្វើការតវ៉ា តាមរយៈ ក្រសួងការបរទេសមួយដងជាពីរដង ទៅវៀតណាមហើយៗវៀតណាមថា អស់ Covid គេនឹងដក ចេញ» ។
លោកស្រីគូសបញ្ជាក់ថា តង់ដែលវៀតណាមបោះជាង ៤០កន្លែងនោះ គឺនៅតំបន់មិនទាន់ឯកភាពគ្នា លើខ្សែព្រំដែន មានន័យថា ទីនោះមិនមែនជាដី វៀតណាម ហើយក៍មិនទាន់ជាដីកម្ពុជា ពេញលេញ នោះដែរ ប្រទេសទាំងពីរ ត្រូវបន្តការពិភាក្សា រកចំណុចឯកភាពបន្តទៅទៀត។
លោកស្រីបន្ថែមថា ហេតុនេះជនអគតិទាំងនោះ កុំចេះតែបំភ្លៃរឿង កុំចេះតែញុះញង់ មិនមែនចេះស្រលាញ់ជាតិ អីតែអស់លោកឯងនោះទេ ព្រោះអ្នកទាំងអស់គ្នានៅទីនេះ ប្រឹងប្រែងទើបកសាងជាតិបាន ។
សូមបញ្ជាថា កម្ពុជា-វៀតណាម មានព្រំដែនគោក រួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕EB
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ