ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំបង្កើតតំបន់ ឬ សួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញការនាំចេញកសិផលឱ្យកាន់តែច្រើនថែមទៀត ដែលធ្វើឱ្យជីវភាពរបស់កសិករកាន់តែប្រសើរឡើង ។
ក្នុងពិធីជួបសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងខេត្តកំពង់ចាម លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា មន្ត្រីជំនាញក្រសួង កំពុងពិភាក្សាជាមួយលោកឧកញ៉ាធំៗ ដែលមានអាជីវកម្ម លើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬ សួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លី ដើម្បីជំរុញការនាំចេញកសិផល តាមរយ:ការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។
លោក ជឿជាក់ថា នៅពេលតំបន់នេះកើតឡើង នោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ក៏បានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឱ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នា លើចំណុចវិជ្ជមាន និងអវិជ្ជមាន។ បន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែសង្វាក់ផលិតកម្ម រួមទាំងខ្សែសង្វាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដារនាំចេញ។
លោករដ្ឋមន្ត្រី ក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ហើយបានអំពាវនាវ អ្នកបរិភោគ គួរងាកមកប្រើប្រាស់ ឬ បរិភោគផលិតផលក្នុងស្រុកវិញ ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ឱ្យកាន់តែ កើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ។ ហើយអ្នកវិនិយោគក្នុងស្រុកគួរងាកមកចាប់អារម្មណ៍លើវិស័យនេះ ដើម្បី ចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ តាមតម្រូវការក្នុងស្រុក ពិសេសក្នុងបរិបទនៃការរីករាលដាល ជាសកលនៃជំងឺឆ្លងកូវីដ-១៩៕EB