ឆមាសទី១ ឆ្នាំ២០២០ សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿង ជាង៥ពាន់ករណី និងឃាត់ខ្លួនមនុស្ស ជាង១ម៉ឺននាក់
ភ្នំពេញ ៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿង បានចំនួន៥.៤៦៣ករណី និងឃាតត់ខ្លួនមនុស្ស ចំនួន១០.៨៧៧នាក់ ហើយបានចាប់យកគ្រឿង ចំនួន២៦១គីឡូក្រាម។
តាមរបាយការណ៍សង្ខេបស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ អានដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅក្នុងកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ដសហការសម្របសម្រួលជាមួយស្ថាប័នអនុវត្តច្បាប់ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ក្នុងការពង្រឹងការអនុវត្តវិធានការអនុវត្តច្បាប់ ក្នុងឆមាសទី១។
លោក មាស វិរិទ្ធ បញ្ជាក់ថា «បទល្មើសគ្រឿងញៀនសរុបបង្ក្រាបាន៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%»។
ចំណែក ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនសរុបមាន ចំនួន១០.៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៨.៩១១នាក់ កើនលើសចំនួន១.៩៦៦នាក់ ស្មើនឹង២២.០៦% ក្នុងនោះមាន ជនជាតិខ្មែរ១០.៧០០នាក់ និងជនបរទេស១៧៧នាក់ ស្មើនឹង១៥ជនជាតិ។
បន្ថែមពីនេះលោកលើកឡើងថា សមត្ថកិច្ចចាប់យកគ្រឿងញៀនមានចំនួនសរុប២៦១គីឡូក្រាម និង៩៧៧,៧២ក្រាម បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប៣៤១គីឡូក្រាម និង៩៧៤,៤៧ក្រាម ថយចុះ៨០គីឡូក្រាម និង០៩៦,៧៥ក្រាមស្មើនឹង២៣,៤៣%។ជាពិសេស មធ្យោបាយ សម្ភារ និងឧបករណ៍ផលិតកែច្នៃគ្រឿងញៀន ដែលបានចាប់យកក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានបញ្ជូនទៅសាលាដំបូង រាជធានី-ខេត្ត ជាច្រើនផងដែរ៕EB