ភ្នំពេញ ៖  នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានបញ្ជាក់សាជាថ្មីថា កម្ពុជានៅតែបន្ដទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែង ពីចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញឿន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណី យ៍ជាដើម។

ក្នុងប្រជុំស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍ថា «ក្នុងស្ថានភាពដែលការផលិត ចរាចរជួញដូរគ្រឿងញៀនលើពិភពលោក និងក្នុងតំបន់ នៅតែមានការប្រែប្រួលកើនឡើងឥតឈប់ឈរ ល្បិចកលលួចលាក់ធ្វើសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនកាន់តែស្មុគស្មាញ ធ្វើឲ្យកម្ពុជាយើងនៅតែបន្ដទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងពីចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញឿន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងការប៉ុនប៉ងផលិតច្នៃគ្រឿងញៀន និងការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀន ពីទីប្រជុំជនដល់តំបន់ដាច់ស្រយ៉ាល»។

នាយឧត្តមសេនីយ៍ បញ្ជាក់ថា ជាក់ស្ដែងក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាតពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មនូវវិធានការគន្លឹះទាំង៥ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានលើកឡើងទៀតថា «ទាំងអស់នេះ បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បើទោះបីជាយើងបានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្ដប្រឈមនឹងបញ្ហាជាសត្យានុម័ត និងថ្មីៗថែមទៀត ដែលទាមទារឲ្យយើងត្រូវខិតខំប្រឹងប្រែងជាបន្ដទៀត»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ