ភ្នំពេញ ៖ សហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នារពោធិ៍ កំពុងរៀបចំឲ្យមានដូចជា ការជិះគោយន្ត និងរទះគោបន្ថែម ដើម្បីទស្សនាក្រៅពីព្រៃកោងកាង និងតំបន់ទឹកជប់ ដើម្បីបង្កើនមុខរបរនិងចំណូល បន្ថែមដល់សហគមន៍ តាមរយៈការបំរើសេវាកម្មទេសចរណ៍ដ៏សម្បូរបែប។

ប្រធានសហគមន៍អេកូទេសចរណ៍ ទឹកជប់ខ្នារពោធិ៍ បានឲ្យដឹងថា សហគមន៍ទេសចរណ៍នេះ បានត្រៀមរទេះគោបែបបុរាណចំនួន៥គ្រឿង និងគោយន្ត ចំនួន៣គ្រឿង ដើម្បីទទួលស្វាគមន៍ដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ក្រៅពីការទស្សនាព្រៃកោងកាង និងតំបន់ទឹកជប់ នៅក្នុងសហគមន៍នេះ។

លោកបន្ដថា «ការរៀបចំជូនភ្ញៀវដូចជាកសរជិះគោយន្ត និងរទះគោ ។ ក្រៅពីការទាក់ទាញ ចំនួនភ្ញៀវទស្សនានៅតំបន់ទាំងនោះ ក៏ជាការរួមចំណែកមួយ ដើម្បីផ្សព្វផ្សាយពីកេតំណែលវប្បធម៌ របស់ខ្មែរ ដែលបុព្វបុរសបានបន្សល់ទុក។គោយន្ត និងរទេះគោបុរាណ នេះគឺជាកញ្ចប់សេវាកម្ម ទេសចរណ៍ថ្មីមួយទៀតប្រចាំសហគមន៍ដែលជួយបង្កើនចំណូលបន្ថែមដល់ប្រជាសហគមន៍»។

សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគមបានកកើតឡើងក្នុងឆ្នាំ១៩៩៨ ដោយ មានផ្ទៃដីសរុបប្រមាណ ១,០២២ហិកតា ដែលក្នុងនោះមានព្រៃកោងកាងភ្នំចំនួនប្រមាណ ៩០ហិកតា ប៉ុន្តែត្រូវបានទទួលចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍នៅដើមឆ្នាំ២០២០នេះប៉ុណ្ណោះ។សហគមន៍អេកូទេសចរណ៍នេះមានចំងាយប្រមាណជា៤០គីឡូម៉ែត្រពីទីក្រុងសៀមរាប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ