ភ្នំពេញ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា នាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់រហ័សនាមខេត្តតាកែវថា ជាខេត្តអធិរាជពងទាកូន ដែល ល្បីល្បាញទូទាំងប្រទេស។

ក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ» នាព្រឹកថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី លោក អ៊ូច ភា បានឲ្យដឹងថា ពងទាកូនស្រែននោង ក៏ជាផលិតផលកសិកម្មរបស់ខេត្តតាកែវ ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ។ 

លោករៀបរាប់ថា ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង និងបញ្ចេញលក់លើទីផ្សារ។

លោកបញ្ជាក់ បច្ចុប្បន្ន ពងទាកូនស្រែននោង ត្រូវបានផ្គង់ផ្គង់លើទីផ្សារទូទាំងប្រទេស ដែលបានចូលរួមបង្កើតការងារ និងចំណូលជាច្រើន ព្រមទាំងលើកកម្ពស់កម្រិតជីវភាពដល់កសិករនៅក្នុងឃុំស្រែននោងកាន់តែធូរធាឡើងជាលំដាប់។ 

បន្ថែមពីនេះ អភិបាលខេត្តតាកែវ ក៏បានលើកឡើងថា សព្វថ្ងៃទូទាំងខេត្តតាកែវ មានទាមានចំនួន១ ៦១២ ៩៧០ក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានកសិដ្ឋានចំនួន ១៧២កន្លែង និងកន្លែងភ្ញាស់ពងទាចំនួន៧២កន្លែង ហើយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អភិបាលខេត្តតាកែវ ជាអធិរាជពងទាកូន។

ឆ្លៀតឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងថា ខេត្តតាកែវត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ ហើយបង្កងទឹកសាប ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើង និងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា។ បង្កងខេត្តតាកែវ ក្លាយជាផលិតផលដែលត្រូវបានទទួលស្គាល់ថាជាផលិតផលប្រចាំខេត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកពីទូទាំងប្រទេស ទាំងភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត និង មកភ្លក់រសជាតិមុខម្ហូបបង្កងដ៏មាន ឱជារសឆ្ងាញ់ពិសេស និងមិនអាចបំភ្លេចបាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ