ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ឬកុកក្រៀល ឬកុកទេព ចាប់ផ្តើមបង្កកំណើតនៅដើមរដូវវស្សា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារចំនួនពី២ក្បាល ទៅបីក្បាល ប៉ុណ្ណោះ ដើម្បីបង្កកំណើត។
ប្រភពដ៏ដែលបន្ដថា រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជា រដូវពងកូនរបស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ) តំបន់ការពារទេសភាពអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ) និងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង (ខេត្តកំពត) ជាដើម។
កុកក្រៀល ឬកុកទេព អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។ សត្វមេ អាចក្រាបពងរវាង៤ទៅ៥សប្តាហ៍ទើបអាចឱ្យកូននោះញាស់បាន បើសិនជាគ្មានការ រំខាន ពីកក្តាផ្សេងៗ៕ EB