ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា  រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន ខណៈចំនួននេះ មានការកើនឡើងជាង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩។

លោករៀបរាប់ថា លទ្ធផល នៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦,៣០៥តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១,១៣២តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩,០១២តោន និងអង្ករចំហ៊ុយមានចំនួន ៦,១៣៨ តោន។

លោកបន្ដថា ការនាំចេញអង្កររយៈ១០ខែដើម ឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨,៣៦៥តោន ស្មើនឹង១៧.១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧,៩៤០តោន។

លោក វេង សាខុន បានឲ្យដឹងទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ មានចំនួន៦០ប្រទេស។ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន (រួមទាំងកោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ាន ចំនួន៦ ហើយនៅទ្វិបដ៏ទៃទៀតចំនួន ២៩ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន១០ ក្នុងចំណោម៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ