រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការចរាចរ សកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍ ។
តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថេរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យស្ដីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្នុងអនុក្រឹត្យនោះ នៅមាត្រាទី៨ ស្ដីពី បម្រាមគោចរ ៖ រាល់ការធ្វើដំណើរ ដែលត្រូវបានអនុញ្ញាត ដូចមានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យនេះ មិនត្រូវធ្វើឡើង នៅចន្លោះពីម៉ោង២០យប់ ដល់ម៉ោង៥ព្រឹក លើកលែងចំពោះការធ្វើដំណើរ ដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍ សាធារណៈ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា« វិធានការរដ្ឋបាលណាមួយ នឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេច របស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដី នៃរាជធានីខេត្ត ឬមានវិសាលភាព អនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ៕EB