ភ្នំពេញ ៖ លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធចម្រៀង ជុំ ប៊ុនធឿន ត្រូវបានបញ្ជាក់មកថា បានទទួលមរណភាពហើយ ដោយសារជំងឺកាចសាហាវកូវីដ-១៩។
អ្នកនាង ប៊ុនធឿន ផល្លីពៅពិសី ដែលជាកូនស្រីរបស់កវីនិពន្ធ ជុំ ប៊ុនធឿន បានឱ្យដឹងនៅមុននេះបន្តិចថា ម្តាយរបស់ខ្លួនបានស្លាប់នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបញ្ជាក់ថា ដោយសារជំងឺកូវីដ-១៩។
ប្រភពបានបន្តថា ក្រុមគ្រូពេទ្យបានយកសាកសពម្តាយរបស់ខ្លួន ទៅបូជានៅតំបន់បូជាសពអ្នកកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ ខណៈនៅថ្ងៃទី១១ ខែឧសភា នេះក្រុមគ្រូពេទ្យបានឲ្យគ្រួសារនៃសពមកយកអដ្ឋិធាតុ និងសេចក្តីបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីយកទៅធ្វើលិខិតមរណភាព។
សូមបញ្ជាក់ថា លោកស្រី ប្រាក់ ផល្លី ត្រូវបានគ្រួសារប្រាប់ថា មានបញ្ហាសួតធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានវាយលុកដោយជំងឺកូវីដ-១៩ និងត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តែយ៉ាងណានៅតែមិនអាច ជាសះស្បើយ ហើយក៏បានទទួលមរណភាព នាល្ងាចថ្ងៃម្សិលមិញនេះតែម្តង៕