ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានផ្ដាំផ្ញើទៅដល់ រដ្ឋបាល ក្រុង-ស្រុក ចាំបាច់ត្រូវមានតួនាទី និងការទទួលខុសត្រូវក្នុងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

សម្ដេច ស ខេង ផ្ដាំផ្ញើបែបនេះ ក្នុងពិធីបិទសិក្ខាសាលាជាតិ ស្ដីពីការពិគ្រោះ យោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នារសៀលថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច មានប្រសាសន៍ថា «ដើម្បីពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានប្រកបដោយគុណភាព រដ្ឋបា លថ្នាក់ក្រោមជាតិ ដែលរួមមាន រដ្ឋបាល ក្រុង-ស្រុក ចាំចាច់ត្រូវមានតួនានី និងការទទួលខុសត្រូវ ក្នុង ការផ្ដល់សេវាធារណៈដោយផ្ទាល់ជូនប្រជាពលរដ្ឋ។ជាមួយគ្នានេះ មន្ដ្រីជំនាញបច្ចេកទេសភាគច្រើន នឹងត្រូវផ្ទេរពីក្រសួង ស្ថាប័ននានានៅថ្នាក់ជាតិ ដើម្បីដាក់ពង្រាយឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ»។

សម្ដេចបន្ដថា ការកែលំអឡើងវិញនូវចំណុចខ្វះខាតទាំងឡាយ សំដៅធានាដល់ការ លើក ទឹកចិត្តមន្ដ្រីសាធារណៈ ឲ្យស្ម័គ្រចិត្តទៅបំពេញការងារនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការផ្ដល់ថវិកា បន្ថែមពីលើប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ព្រមទាំង ការដំឡើងកម្រិតថ្នាក់ និងឋានន្ដរស័ក្តិ ក្នុងមុខតំណែងនានា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យស្របទៅនឹងទំហំការងារ និងបង្កលក្ខណៈឲ្យមាន ភាពងាយ ស្រួលក្នុងការផ្ទេរមន្ដ្រីដែលមានសមត្ថភាពតាមវិស័យជំនាញ ពីថ្នាក់ជាតិទៅថ្នាក់ក្រោម ជាតិ ជាពិសេស ត្រូវផ្ដល់ឱកាសដល់មន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរៀងៗខ្លួន តាមមុខជំនាញនៅក្នុង វគ្គបណ្ដុះបណ្ដាលដែលជាកាតព្វកិច្ច ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានបន្ថែមថា រាជរដ្ឋាភិបាល នឹងគិតគូរពិចារណាអំពី ការប្រគល់នីវមូលដ្ឋានពន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀតទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានា ដល់ការលើកកម្ពស់ប្រសិទ្ធភាព និងការប្រកួតប្រជែងក្នុងការប្រមូលចំណូលទាំងក្នុងក្របខ័ណ្ឌជាចំណូ លពីមូលដ្ឋានរបស់ខ្លួន និងសំដៅកាត់បន្ថយនូវការពឹងផ្អែកទាំងស្រុកតែទៅលើការបែងចែកថវិកាពីថ្នាក់ ជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ