កម្ពុជា ប្ដេជ្ញាលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុធ្វើឱ្យកើនកម្ដៅខ្ពស់
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាប្ដេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឲ្យបានជោគជ័យរាល់កាតព្វកិច្ចរបស់ខ្លួន ព្រមទាំង លុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុមានសក្តានុពលធ្វើឲ្យកើនកម្ដៅខ្ពស់។
តាមសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២១ របស់ក្រសួងបរិស្ថាន ចេញផ្សាយនាថ្ងៃទី១៦ កញ្ញា នេះ លោក សាយ សំអាល់ បានថ្លែងថា ទោះបីជាឆ្នាំនេះជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាតយ៉ាងស្រួចស្រាល់ ដែលបង្កឲ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចក៏ដោយ ក៏មិនអាចបំភ្លេចនូវកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរប ស់មនុស្សជាតិ ក្នុងការខិតខំរួមគ្នាថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី ដោយងាកទៅ ប្រើប្រាស់សារធាតុធ្វើឲ្យត្រជាក់ក្នុងបរិក្ខារត្រជាក់ និងម៉ាស៊ីនត្រជាក់ ដែលមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅសកលទាប។
លោក បានបន្ដថា ក្នុងនាមជារដ្ឋភាគី កម្ពុជា បានបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។ ទន្ទឹមនេះរាជរដ្ឋាភិបាលក៏កំពុង ត្រៀមរៀបចំផែនការគ្រប់គ្រងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ក្នុងការអនុវត្តវិសោធនកម្ម ទីក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដីអាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយការប្រើប្រាស់សារធាតុ HFCs នេះ។
លោក បានបញ្ជាក់ថា៖ «ក្នុងន័យនេះ កម្ពុជាប្ដេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឲ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឲ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់»។
លោក បានបន្ដថា កម្ពុជាបាននឹងកំពុងអនុវត្តផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC Phase-out Management Plan) ក្នុងនោះដំណោះស្រាយប្រសិទ្ធភាពថាមពល ក្នុងការប្រើប្រាស់ឧបករណ៍ត្រជាក់ដែលមានសក្តានុពល កម្ដៅសកលទាប ឬសូន្យ ត្រូវបានគេរំពឹងថានឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច ព្រមទាំងសុខភាពមនុស្ស និងសន្តិសុខ ថាមពលផងដែរ៕EB