ខារ៉ាអូខេ រង្គសាល បាបារាំង និងម៉ាស្សាជាង៥០០ទីតាំង អាចនឹងបិទអាជីវកម្មទាំងស្រុង ប្រសិនរកឃើញថាលួចបើក
ទីតាំងអាជីវកម្មមានលក្ខណៈប្រមូលផ្ដុំ និងកំសាន្តសប្បាយ មានដូចជា ខារ៉ាអូខេ រង្គសាល និង ឌីស្កូថេក ប៊ៀហ្គាឌិន ម៉ាស្សា មានជិត៤០០ទីតាំង និងបាបារាំងឬផាប់ប្រមាណជាង១០០ទីតាំង នៅរាជធានីភ្នំពេញ ត្រូវបានមន្ទីរជំនាញក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង និងចុះអប់រំណែនាំផ្ទាល់អោយបិទទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់វីរុសកូវីដ១៩ទាំងអស់គ្នា ប៉ុន្តែបើ នៅតែលួចបើកផ្គើនទៅនឹងបម្រាមទៀតនោះ ទីតាំងនោះនឹងត្រូវប្រឈមទៅនឹងការបិទអាជីវកម្មទាំងស្រុងតែម្តង ។
លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញបានអោយដឹងនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះថា សម្រាប់ស្ថិតិអាជីវកម្មសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យដែលបានចុះបញ្ជីត្រឹមត្រូវ (ខារ៉ាអូខេ រង្គសាល-ឌីស្កូថេក បៀហ្គាឌិន) ត្រូវបានបិទអាជីវកម្មទាំងស្រុងតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។
លោកបន្តថា ខារ៉ាអូខេ រង្គសាល-ឌីស្កូថេក បៀហ្គាឌិន នៅក្នុងរាជធានីភ្នំពេញមានចំនួន 138 ទីតាំង ប៉ះពាល់បុគ្គលិកសរុប 4588 នាក់។ ក្នុងនោះ ប្រភេទសេវាកម្មខារ៉ាអូខេ ត្រូវបានបិទមានចំនួន 96 ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប 3138 នាក់ ។ ប្រភេទសេវាកម្មរង្គសាល-ឌីស្កូថេក ត្រូវបានបិទមានចំនួន 28 ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប 1158 នាក់ ។ ប្រភេទសេវាកម្មបៀហ្គាឌិន ត្រូវបានបិទមានចំនួន 11 ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប 292 នាក់។
លោក ម៉ម វាសនា បានអោយដឹងទៀតថា ចំពោះអាជីវកម្ម សេវាកម្មស្ប៉ា និងម៉ាស្សា ត្រូវបានបិទ នៅរាជធានីភ្នំពេញមានចំនួន 123 ទីតាំង (931គ្រែ) ស្មើនឹង 100% ប៉ះពាល់បុគ្គលិក 2307 នាក់ ។ លោកបន្តថា ចំពោះអាជីវកម្មដែលតែងហៅ បាបារាំងៗឬផាប់ មាននៅក្នុងខណ្ឌ ដូនពេញ និងខណ្ឌចំការមន ប្រមាណជាង១០០ទីតាំង គឺត្រួតពិនិត្យទៅលើអាជ្ញាបណ្ណរបស់គាត់ បើសុំជាភោជនីយដ្ឋានគឺជាភោជនីយដ្ឋានហើយ អាជ្ញាប័ណ្ណទាំងនោះគឺផ្តល់ដោយរដ្ឋបាលខណ្ឌ លើកលែងតែម្ចាស់ជាជនបរទេសទើបតម្រូវឱ្យមកសុំនៅរដ្ឋបាលរាជធានីភ្នំពេញ ។
លោក ម៉ម វាសនា បានបញ្ជាក់ថា ចំពោះខារ៉ាអូខេ រង្គសាល និងឌីស្កូថេក ទាំងនោះត្រូវបានបិទទាំងស្រុងហើយ តាមរយ:ការចុះត្រួតពិនិត្យ ប៉ុន្តែក្រុមការងាររបស់លោកនឹងបន្តចុះអង្កេតត្រួតពិនិត្យជាប្រចាំបន្ថែមទៀត ប្រសិនបើទីតាំងនោះនៅតែបើកទៀត គឺជាការបំពានសេចក្តីណែនាំក៏ដូចជាសេចក្តីប្រកាសរបស់ក្រសួង និងរាជរដ្ឋាភិបាលហើយ គឺត្រូវប្រឈមនឹងការបិទអាជីវកម្មទាំងស្រុងតែម្តង៕SS