ភ្នំពេញ  ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះសូទិន បានណែនាំដល់អាជ្ញាធរ ស្រុក ឃុំ ត្រូវពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អនិងធ្វើការដោះស្រាយ រាល់បញ្ហាដែលកើតឡើងនៅ ក្នុង មូលដ្ឋានរបស់ខ្លួន ជាពិសេសការផ្ដល់សេវាជូន ប្រជាពលរដ្ឋឱ្យបានល្អ ទើបលទ្ធផលការងារទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមការងារថ្នាក់ជាតិ ប្រចាំឆមាសទី១ និង ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំតាមបណ្តាឃុំ និងស្រុកកោះសូទិនខេត្ត លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា «ស្នើ ដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ផ្នែកនិងមន្រ្តីទាំងអស់នៅទូទាំងស្រុកកោះសូទិនត្រូវធ្វើយ៉ាងណា ពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អ រក្សាការប្រជុំពង្រឹង ការងារឲ្យបានទៀងទាត់ ដើម្បីធ្វើការដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង និងមានការយោគយល់ពីគ្នា ទើបអាចសម្រេច បានលទ្ធផលការងារដោយជោគជ័យ»។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះបញ្ហាជំងឺ Covid-19 លើសកលលោកពុំទាន់មានការថមថយនៅឡើយទេ ដោយឡែក ប្រទេសកម្ពុជារបស់យើង កន្លងមកបានព្យាបាលជាសះស្បើយអ្នកជំងឺ Covid-19 បាន ១០០ ភាគរយ។ ប៉ុន្តែ នាពេលកន្លងមកថ្មីៗនេះ មានករណីជំងឺ Covid-19 បានឆ្លងថ្មីទៀត ហេតុនេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានេះ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ ត្រូវអនុវត្តន៍ទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវរក្សាឱ្យបាននូវអនាម័យជាប្រចាំផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ