(បាងកក)៖ ប្រតិភូកម្ពុជា និងថៃ បានកត់សម្គាល់អំពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ចាប់តាំងពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ លើកទី៣ នៅប្រទេសកម្ពុជា មិនថាវិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ កសិកម្ម ការងារ យោធា និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន។
ការកត់សម្គាល់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា និងពិសារអាហារថ្ងៃត្រង់រវាងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ និង ឧត្តមសេនីយឯក ផៃរោធ វិល័យឡាក់ ប្រធាននាយកដ្ឋានកិច្ចការព្រំដែននៃអគ្គបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមក ជាពិសេសវិស័យសន្តិសុខតាមព្រំដែន ការផ្លាស់ប្តូរពត៌មាន ឬការសម្របសម្រួលបញ្ហាផ្សេងៗជូនប្រជាជនកំឡុងពេលវិបត្តិជម្ងឺកូវីដ១៩។ របៀបវារៈដែលភាគីទាំងពីរ បានលើកយកពិភាក្សានៅក្នុងជំនួបរួមមាន៖
១. ការតម្លើងច្រកព្រំដែនអន្តរជាតិចំនួន ៤ រវាងកម្ពុជា និងថៃ ដែលថ្នាក់ដឹកនាំបានឯកភាព
២. ការរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ
៣. កិច្ចសហប្រតិបត្តិការវិស័យការងារ និងបញ្ហាពលករឆ្លងដែន ក្រោយវិបត្តិជម្ងឺកូវីដ១៩
៤. កិច្ចសហប្រតិបត្តិការដោះមីនតាមបណ្តោយព្រំដែន
៥. ការបោះបង្គោលព្រំដែនគោក
៦. ការផ្តល់វគ្គបណ្តុះបណ្តាលផ្នែកកសិកម្ម និងកៃច្នៃជូនមន្ត្រី និងប្រជាជនកម្ពុជា
៧. ការផ្តល់អាហារូបករណ៍ជូនសិក្ខាកាមយោធាថៃ មកសិក្សានៅសាកលវិទ្យាល័ការពារជាតិកម្ពុជា។