ទីមរ័ឡេស្តេ ចង់ឲ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអគ្គស្នងការ នគរបាលកម្ពុជា
ភ្នំពេញ៖លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អគ្គស្នងការនគរបាលទីមរ័ឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអគ្គស្នងការនគរបាល នៃព្រះរាជាណាចក្រកម្ពុជា ខាងការបណ្តុះបណ្តាលជំនាញសន្តិសុខ និងភាសាអង់គ្លេស ។
ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ ចំពោះគោលបំណង ដែលចង់ឱ្យមាន កិច្ចសហប្រតិបត្តិការល្អ រវាងអគ្គស្នងការនគរបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងអគ្គស្នងការនគរបាល នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងជំនួបជាមួយ សម្តេចប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុទ្ធសាស្ត្រ និងវិធានការយ៉ាងល្អក្នុងគ្រប់គ្រង និងទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ-១៩ ចំពោះប្រជាជនកម្ពុជា ជាពិសេសស្ថានទូតទីម័រឡេស្តេ និងនិស្សិតទីម័រឡេស្តេ ដែលកំពុងសិក្សានៅប្រទេសកម្ពុជា បានទទួលនូវការគ្រប់គ្រង ដ៏ល្អប្រសើរផងដែរ ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ របស់ប្រទេសកម្ពុជា ចំពោះសមាជិកភាព របស់ប្រទេសទីម័រឡេស្តេ ជាសមាជិករបស់អាស៊ានសមាជិក អង្គការពាណិជ្ជកម្មពិភពលោក WTO និងសមាជិកអន្តរសភា អាស៊ាន AIPA ។
លោកបានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ប្រទេសទីម័រឡេស្តេ តែងតែគាំទ្រដល់ជំហរ របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសតែងគាំទ្រ ដល់ជំហាររបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិកអាស៊ាន ហើយនេះគឺជានយោបាយការបរទេស ដ៏រឹងមាំរបស់ប្រទេសទីម័រឡេស្តេ ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្នុងអណត្តិ នៃបេសកកម្មការទូត របស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ រវាងសភា នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ នៃស្ថាប័ននីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរ ព្រមទាំងសហប្រតិបត្តិការបច្ចេកទេស ។
សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះលោកឯកអគ្គរដ្ឋទូត ដែលមានបំណងចូលរួមលើកកម្ពស់ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងព្រឹទ្ធសភាកម្ពុជា និងសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរ៕EB