កម្ពុជា មិនដែលបិទព្រំដែនជាមួយ ប្រទេសជិតខាង គ្រាន់តែតម្រូវឲ្យទេសចរអន្តរជាតិ មានលិខិតធានារ៉ាប់រងសុខភាព
ភ្នំពេញ ៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាពុំដែលបិទព្រំដែនជាមួយប្រទេសជិតខាងឡើយ ដោយទេសចរអន្តរជាតិ ដែលមកកម្ពុជាតម្រូវឲ្យមានលិខិតធានារ៉ាប់រងសុខភាពយ៉ាងតិច ៥០,០០០ ដុល្លារ និងតម្កល់ប្រាក់ចំនួន ៣,០០០ ដុល្លារ សម្រាប់សេវាកម្មផ្សេងៗ ពាក់ព័ន្ធ កូវីដ-១៩។យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
លោក ថោង រដ្ឋសក្តិ បញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំរួមគ្នា ក្នុងក្របខណ្ឌសហព័ន្ធ សមាគមការធ្វើដំណើរអាស៊ី (FATA) តាមរយៈប្រព័ន្ធ Video Conference ដើម្បីពិភាក្សា លើការបើកព្រំដែនឡើងវិញ សម្រាប់ទេសចរក្នុងតំបន់អាស៊ាន គោលនយោបាយ ក្នុងការ ជំរុញការធ្វើដំណើររបស់ទេសចរក្នុងស្រុករវាងប្រទេសអាស៊ាន ក៏ដូចជាការលើក ទឹកចិត្ត (Incentives) និងផែនការ (Promotional Plans) ជំរុញការផ្សព្វផ្សាយ ដើម្បីជំរុញការធ្វើដំណើរ ក្នុងអាស៊ានផងដែរ។
លោក ថោង រដ្ឋសក្តិ ក៏បានបញ្ជាក់ថា «កម្ពុជាពុំដែលបិទព្រំដែនជាមួយប្រទេស ជិតខាងឡើយ ដោយទេសចរអន្តរជាតិដែលមកកម្ពុជា តម្រូវឲ្យមានលិខិតធានារ៉ាប់រង សុខភាពយ៉ាងតិច ៥០,០០០ ដុល្លារអាមេរិក និងតម្កល់ប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិក សម្រាប់សេវាកម្មផ្សេងៗពាក់ព័ន្ធកូវីដ១៩ និងលិខិតបញ្ជាក់អវិជ្ជមាន COVID-19 ពីសំណាក់ អាជ្ញាធរសុខាភិបាលរបស់ប្រទេសខ្លួនដែលមានសុពលភាព ៧២ ម៉ោងមុនពេល ធ្វើដំណើរមកកម្ពុជា»។
ជាមួយគ្នានោះ លោកស្រិ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ (CATA) ក៏បានលើកឡើងអំពីស្ថានភាពទីភ្នាក់ងារទេសចរណ៍នៅកម្ពុជា ៩៥% ប្រតិបត្តិករ ទេស ចរណ៍បានផ្អាកអាជីវកម្ម ចំណែកប្រតិបត្តិករទេសចរណ៍ ៥% ទៀតកំពុងខិតខំ បង្កើត សកម្មភាព ផលិតផលថ្មីដើម្បីទាក់ទាញទេសចរក្នុងស្រុក ក្នុងនោះទេសចរវ័យ ជំទង់ កំពុងពេញនិយមក្នុងការឡើងភ្នំ និងបោះតង់។
សមាគម CATA បាននិងកំពុងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា សុវត្ថិភាព ក្នុងសេវាកម្មទេសចរណ៍ រួមមាន សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន-អាហារដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក៕EB