អង្គការចលនា ដើម្បីសុខភាពកម្ពុជា ទទួលពានពិសេសពី អគ្គលេខាធិការ អង្គការសុខភាព ពិភពលោក
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ទទួល បានពានពិសេសពី អគ្គលេខាធិការអង្គកាសុខភាពពិភពលោក ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផល ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។
អស់រយៈកាលជាង ២០ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងនិងថ្នាំជក់នៅកម្ពុជា លោកវេជ្ជបណ្ឌិត បានធ្វើការតស៊ូមតិ និងបានធ្វើយុទ្ធនាការជាច្រើន ជាមួយស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន យុវជន ស្រ្តី គ្រូបង្រៀន ព្រះសង្ឃ និងជនរងគ្រោះដោយសារថ្នាំជក់ ក្នុងការជំរុញ ឲ្យមានច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដែលច្បាប់នោះត្រូវបាន អនុម័ត នៅឆ្នាំ២០១៥។
អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ឧបសគ្គចម្បងមួយ ក្នុងការបង្កើត និងអនុវត្តច្បាប់ ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺការជ្រៀតជ្រែករបស់ ឧស្សា ហកម្មថ្នាំជក់។ ឆ្លើយតបនឹងបញ្ហានេះ យុទ្ធនាការ «ដល់ពេលហើយ! ឈប់ ចាញ់ បោកក្រុមហ៊ុនថ្នាំជក់» ត្រូវបានបង្កើតឡើង ដើម្បីបំផុសអោយយុវជនចូលរួ មក្នុងការទប់ស្កាត់ឧបាយកលរបស់ឧស្សាហកម្មថ្នាំជក់។
នាពេលបច្ចុប្បន្នលោកវេជ្ជបណ្ឌិត មុំ គង់ បានកំពុងដឹកនាំអង្គការចលនាដើម្បីសុខភាពកម្ពុជា ដើម្បីបន្តឆន្ទៈ ក្នុងការការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា ដើម្បីឈានទៅកាន់ បន្ថយ គ្រោះថ្នាក់ដល់អាយុជីវិតនិងសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់។
លោកវេជ្ជបណ្ឌិត បានធ្វើការតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពី ការត្រួត ពិនិត្យថ្នាំជក់ ជាទៀងទាត់ និងធ្វើរបាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការ។
គួរបញ្ជាក់ថា តាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពីការវិនិយោគលើការ ត្រួតពិនិត្យ ថ្នាំជក់នៅកម្ពុជាឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាព ពិភពលោក និងលេខាធិការដ្ឋាននៃអនុសញ្ញា ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ បានឲ្យ ដឹងថា ការប្រើប្រាស់ផលិតផលថ្នាំជក់ធ្វើអោយប្រជាជនកម្ពុជាចំនួន ១៥ ០០០ នាក់ស្លាប់ជា រៀងរាល់ឆ្នាំ ដែល៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះ ប្រជាពលរដ្ឋដែល មានប្រាក់ ចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ បណ្តាលឲ្យខាតបង់ទឹកប្រាក់ចំនួន ៦៤៩ លានដុល្លារអាមេរិក ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា៕EB