ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ មានកិត្តិយស សូមធ្វើការបំភ្លឺចំពោះករណីរថយន្តនគរបាលដឹកខ្សាច់នៅលើកំណាត់ផ្លូវជាតិលេខ១ ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ដែលមានគណនីឈ្មោះ យូ សារ៉ាវុឌ្ឍន៏ ។ពាក់់ព័ន្ធករណីរថយន្តនគរបាលខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ទៅសាធារណៈជន ក៏ដូចជាម្ចាស់ហ្វេសបុក យូ សារ៉ាវុឌ្ឍន៏ ថា រថយន្តខាងលើនេះ ជារបស់អង្គភាពអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកន្លង (រូបចាស់) មកបានបំពេញភារកិច្ចដឹកខ្សាច់យកទៅចាក់នៅអង្គភាពអន្តរាគមន៍ ដើម្បីបំពេញតម្រូវការកសាង និងអភិវឌ្ឍន៍អង្គភាព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារចំពៅ។ បច្ចុប្បន្នរថយន្តនេះ បាននឹងកំពុងបំពេញភារកិច្ចដឹកដី ដឹកខ្សាច់ ដឹកថ្ម ដើម្បីកសាង និងអភិវឌ្ឍស្នងការដ្ឋាននគរបាលតាមបណ្តាខេត្ត ដូច្នេះសូម សាធារណៈជន ក៏ដូចជាម្ចាស់ហ្វេសបុកខាងលើកុំមានការភ័ន្តច្រឡំ។ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា រថយន្តនេះ ជារថយន្តសម្រាប់បម្រើការឲ្យអង្គភាពអគ្គស្នងការដ្ឋាននគរបាលជាតិ គ្មានបុគ្គល ឬមន្រ្តីនគរបាលរូបណាមានសិទ្ធិយកទៅបម្រើផលប្រយោជន៍ឯកជន ខុសពីគោលការណ៍ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ នោះទេ។អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមធ្វើការអរគុណចំពោះសាធារណៈជន ជាពិសេសម្ចាស់ហ្វេសបុកខាងលើ ដែលបានផ្តល់ព័ត៌មាន ហើយសូមលើកទឹកចិត្តឲ្យសាធារណៈជនទាំងអស់ បើសិនឃើញរថយន្តនគរបាលខាងលើបម្រើផលប្រយោជន៍បុគ្គល ឬក៏ឯកជន សូមផ្តល់ព័ត៌មានឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីមានវិធានការ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ