បង្គារចាក់ចាហួយជាច្រើនតោន នាំពីវៀតណាមចូលកម្ពុជា ត្រូវបានកាំកុងត្រូលធ្វើការឃាត់ទុក
ភ្នំពេញ ៖ បង្គាចាក់ចាហួយ ជាច្រើនតោន កាំកុងត្រូល ឃាត់ទុកនាពេលនេះ ត្រូវបានឈ្មួញខិលខូច នាំចូលពីប្រទេស វៀតណាម ចូលមកកម្ពុជា តាមច្រកអន្តរជាតិ ព្រែកចាក ខេត្តកំពត ដោយគ្មានលិខិតស្នាមត្រឹមត្រូវ។
ប្រតិបត្តិការធ្វើការបង្ក្រាប និងឃាត់ទុកនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០នេះ ក្រោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) សហការជាមួយ និងសមត្ថកិច្ចនៃស្នងការ រាជធានី ភ្នំពេញ ធ្វើការឃាត់នូវរថយន្ត ចំនួន៣គ្រឿង ដែលកំពុងចរាចរណ៍ នៅតាម បណ្តោយផ្លូវជាតិ លេខ៣ និងលេខ៤ ក្នុងគោលដៅនាំចូលនូវផលិតផល គ្រឿងសមុទ្រ មកក្នុងរាជធានីភ្នំពេញ ដើម្បីដាក់លក់ក្នុងទីផ្សារ ។
យោងតាមការឲ្យដឹងពីលោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើ ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) បានថ្លែងថា បង្គាដែលមាន ចាក់ចាហួយ ត្រូវបានឃាត់ទុកនៅពេលនេះ ត្រូវបានឈ្មួញខិលខូច នាំចូលពីប្រទេស វៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិ ព្រែកចាក ខេត្តកំពត ដោយគ្មាន លិខិតស្នាម ក្នុងការនាំចូលត្រឹមត្រូវតាមច្បាប់នោះទេ ។
ក្រោយធ្វើការដកហូត មន្ត្រីជំនាញ បានរៀបចំបែបបទសំនុំឯកសារ ជាមួយឈ្មួញនាំចូល បញ្ជូនទៅកាន់ព្រះរាជអាជ្ញា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ E B