ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាល មានបំណងប្រែក្លាយតំបន់អភិរក្ស ដែលមានបច្ចុប្បន្នឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក នេត្រ ភក្រ្តា បានឲ្យដឹងថា រាជរដ្ឋាភិបាល មានទិសដៅធ្វើយ៉ាងណាឲ្យសហគមន៍ មាន ចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការ ពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ។

លោកបន្ដថា ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មី បម្រើឲ្យវិស័យ អេកូទេសចរណ៍ ព្រមទាំង ការបណ្តុះបណ្តាលសហគមន៍ ឲ្យចេះគ្រប់គ្រង និងការចិញ្ចឹម សត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ ភ្ញៀវទេសចរដែលទៅទស្សនា កម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

លោក បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្ស ដែលមានបច្ចុប្បន្ន នេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមាន កំណើនឡើងគួរ ឲ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែ កំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស»។

នាឱកាសនោះ រដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះអង្គការដៃគូនិងម្ចាស់ជំនួយ ជាពិសេសទីភ្នាក់ងារ USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុង ការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឲ្យនៅគង់វង្សសម្រាប់មនុស្ស ជំនាន់ ក្រោយបន្តទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ