ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងជញ្ជូន បានឲ្យ ដឹងថា ក្រសួងទុករយៈពេល១ខែ ដើម្បីឲ្យក្រុមហ៊ុនកូរ៉េ សាងសង់ផ្លូវជាតិលេខ២ សាងសង់ផ្លូវតាម កិច្ចសន្យា និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ បើមិនដូច្នេះ ក្រសួងនឹងលុបចោលនៅសន្យា ហើយជ្រើសរើសក្រុមហ៊ុនថ្មីមកសាងសង់បន្ដ។

ក្នុងឱកាស ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិ លេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ខេត្តកំពត នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរំលឹកថា នាពេល កន្លងមក ក្រុមការងារ ក្រសួង ធនាគារកូរ៉េ ស្ថានទូត ចុះត្រួតពិនិត្យ ផ្លូវជាតិលេខ២ ហើយគ្មាន គ្រឿងចក្រមក សាងសង់ផ្លូវឡើយ។

លោកបន្ដថា ក្រោយមកទៀត ក្រសួងសាធារណការ ក៏បានធ្វើលិខិតព្រមានក្រុមហ៊ុន សាង សង់ផ្លូវរបស់កូរ៉េ ធ្វើទៅតាមលក្ខណៈបច្ចេកទេស និងតាមកិច្ចព្រមព្រៀង ដែលបានចុះ ហត្ថ លេខាជាមួយគ្នា រួមមាន ៖ យកគ្រឿងចក្រឲ្យបានគ្រប់គ្រាន់ និងធ្វើទៅតាមលក្ខណៈបច្ចេក ទេស។

លោក មានប្រសាសន៍ថា «ចឹងខ្ញុំបានធ្វើលិខិតព្រមានហើយ ចម្លងទៅ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខ្ញុំបានចម្លងជូន ស្ថានទូតកូរ៉េ ខ្ញុំបានចម្លងជូនធនាគារកូរ៉េ ដែលឲ្យយើងខ្ជីលុយ មកសាងសង់ផ្លូវជាតិលេខ២ នេះ»។

លោកបន្ដថា មានប្រជាពលរដ្ឋជាច្រើនមានការងើយឆ្ងលថា «ហេតុអ្វីផ្លូវជាតិលេខ២ បើកការ ដ្ឋានហើយ គ្មានគ្រឿងចក្រធ្វើការ»។ដូច្នេះ ក្រុមហ៊ុនសាងសង់ផ្លូវលេខ២ ត្រូវពន្លឿនការងារ បន្ថែមទៀត ហើយយកគ្រឿងចក្រមកគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវតាមលក្ខណៈបច្ចេកទេស ជាពិសេស ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋធ្វើដំណើរ មានសុវត្ថិភាព និងងាយស្រួល ដឹកកសិផ ល។

លោកបន្ថែមថា ក្រសួងមិនអាចបើកការដ្ឋានទុកចោលទេ ដោយគ្មាន គ្រឿងចក្រ និងសម្ភារ ជាដើម។លោកថា កុំឲ្យប្រជាពលរដ្ឋមួយចំនួនលើកឡើងថា «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូច មុខ»។

លោក ស៊ុន ចាន់ថុល បានថ្លែងថា «ចឹងយើងហៅក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេស មកពិភាក្សាគ្នាឲ្យច្បាស់ គឺឲ្យពេលមួយខែ ដោះស្រាយបញ្ហាឲ្យបាន បើដោះស្រាយមិនបាន យើងអាចឈានទៅដល់ការលុបចោល កុងត្រាងហ្នឹង ហើយជ្រើសរើសក្រុមហ៊ុនថ្មី»។

លោកបញ្ជាក់ថា ក្រោយពេលក្រសួងដាក់លិខិតរួច ក្រុមហ៊ុនសាងសង់ បានធ្វើលិខិតមក ក្រសួងវិញថា ក្រុមហ៊ុននឹងខិតិខំប្រឹងប្រែងបន្ថែមទៀត និងធ្វើតាមកិច្ចសន្យាជាមួយក្រសួង។ ក្រុមហ៊ុនបកស្រាយថា ដោយសារបញ្ហា កូវីដ-១៩ ទើបគ្មានគ្រឿងចក្រមកសាងសង់ផ្លូវ ជាតិលេខ២ ហើយគ្រឿងចក្រទាំងនោះ ជាប់នៅវៀតណាម។

សូមរំលឹកថា ផ្លូវជាតិលេខ២ - លេខ២២ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា ដែលគ្រោងចំណាយ ជាង៥៦ លានដុល្លារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ