ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋ ថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺ គ្រុនឈាម និងគ្រុនចាញ់ នៅរដូវវស្សា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យរួមគ្នាអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម និងគ្រុនចាញ់នៅក្នុងរដូវវស្សា។
ក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ បង្អែកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា «ដើម្បី ការពារសុខភាពចៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ឲ្យកាន់តែ មានប្រសិទ្ធភាពនោះ ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវអនាម័យជុំវិញគេហដ្ឋាន កុំឲ្យមានជម្រកមូសខ្លា»។
លោកបន្ដថា «មូសខ្លាខាំនៅពេលថ្ងៃ ដូច្នេះ អំឡុងពេលថ្ងៃគឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់ មានដៃវែងជើងវែងសម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃ ទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិត ទីកន្លែងងងឹតៗនោះទេ»។
សូមរំលឹកថា ជំងឺគ្រុនឈាម អាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញី ខាំបឺតឈាមចម្លង មេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅម្នាក់ទៀត។សត្វមូសខ្លា បង្កើតកូនចៅ នៅក្នុងទឹកថ្លា ស្អាតនិងចូលចិត្តរស់នៅជិតមនុស្ស ហើយសត្វមូសខ្លាចូលចិត្ត ពងបង្កើត កូនចៅ នៅក្នុងកង់ឡាន និងកង់ម៉ូតូ វត្ថុដក់ទឹកជាដើម៕ EB