អ្នកចាំទី ហ៊ុល គឹមហ៊ុយ ចាប់ផ្ដើមចូលចិត្តបាល់ទាត់តាំងពីទើបចេះវារម្ល៉េះ ដោយតែងតែយកដៃទះបាល់ទៅវិញទៅមកម្នាក់ឯង។បើតាមការបង្ហើបឲ្យដឹងពីលោក អែម ហ៊ុន ដែលជាឪពុក។ 

លោកអែម ហ៊ុន បន្ថែមថាលុះឈានដល់វ័យជំទង់និងចំជួនសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបើកដំណើរការមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីនៅក្បែរផ្ទះក្នុងឆ្នាំ២០១៣ផងនោះកូនប្រុសរបស់លោកបានសម្រេចចិត្តសុំក្រុមការងារគ្រូនៅទីនោះហ្វឹកហាត់ និងធ្វើតេស្ដរហូតបានផ្លែផ្កា។នេះបើយោងតាមប្រភពរបស់CNCC 

ឪពុក កីឡាករក្លិបបឹងកេតរៀបរាប់បែបនេះ “៖តាមខ្ញុំចាំមិនភ្លេចទេ គាត់មានដុងបាល់ទាត់តាំងពីមិនទាន់ចេះដើរ គឺតាំងពីនៅវារម្ល៉េះ។ កាលណោះ គាត់វារបណ្ដើរយកដៃទះបាល់បណ្ដើរ។ ដល់ពេលគាត់ចេះដើរ គាត់ទាត់បាល់ម្នាក់ឯង ហើយស្រាប់តែថ្ងៃមួយនោះក៏រអិលដួលប៉ះក្បាលស្នាមមកដល់ឥឡូវ។”

ទន្ទឹមនេះ ឪពុក ហ៊ុល គឹមហ៊ុយ បង្ហើបបន្ថែម “៖ប្រសិនបើសហព័ន្ធអត់បង្កើតសាលាបាទីនៅក្បែរផ្ទះទេ ក៏ប្រហែលអត់មានថ្ងៃនេះដែរ ព្រោះគាត់បានឆ្លៀតសុំគ្រូៗចូលហ្វឹកហាត់ និងធ្វើតេស្ដរហូតបានជាប់។ ខ្ញុំសូមអរគុណសហព័ន្ធ និងគ្រូៗដែលបានផ្ដល់ឱកាស និងបានជួយបណ្ដុះបណ្ដាលកូនខ្ញុំ និងក្មេងឯទៀតដែរ។”

យ៉ាងណាមិញ លោកអែម ហ៊ុន ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះការប្រឹងប្រែងរបស់កូនប្រុសរហូតវិវឌ្ឍទៅជាកីឡាករតំណាងជាតិ និងនាំយកមោទកភាពដល់គ្រួសារ។ លោកក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារក្លិបបឹងកេតដែលតែងតែជ្រោមជ្រែងកូនប្រុសលោករហូតមក។

គួរដឹងដែរថា ហ៊ុល គឹមហ៊ុយ ឆ្លងកាត់ការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទីពីចន្លោះឆ្នាំ២០១៣ ដល់២០១៨ មុនចូលរួមជាមួយបឹងកេតនៅរដូវកាល២០១៩។ កីឡាករវ័យ២០ឆ្នាំរូបនេះក៏បានជាប់ជម្រើសជាតិតាំងពីកម្រិត U14 ដល់ក្រុមធំផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ