អ្នកចាំទីវ័យក្មេងកីឡាករ យី ប៊ុនហេង បានជាប់ជម្រើស១១នាក់ដំបូងក្រោយលេងបានប៉ុន្មានប្រកួតចុងក្រោយ
បើគិតចាប់តាំងពីបើករដូវកាល នៃពានរង្វាន់ Metfone Cambodian League ឆ្នាំ២០២០ មកត្រឹមសប្ដាហ៍ទី៥ យី ប៊ុនហេង អ្នកចាំទីរបស់អង្គរថាយហ្គឺរ ហាក់ឡើងដៃខ្លាំងដោយជាប់ជម្រើស ១១នាក់ដំបូងរហូត និងបានបង្ហាញសមត្ថភាព គួរឱ្យចាប់អារម្មណ៍ ខណៈរដូវកាលមុនលេងបានតែប៉ុន្មានប្រកួតប៉ុណ្ណោះ។ បើយោងតាមប្រភពCNCC
ការជាប់ជម្រើសដំបូងរហូតនេះ ប៊ុនហេង ពឹងលើសមត្ថភាព និងទេពកោសល្យច្រើនជាងសំណាង ដ្បិតរូបគេបានខិតខំប្រឹងប្រែងអស់រយៈពេលជាយូរមកហើយ ដើម្បីទាក់ចិត្តគ្រូបង្វឹក។
យី ប៊ុនហេង បានពន្យល់ ៖"កត្តាធ្វើឱ្យយើងបានលេង គឹមុនបើករដូវកាល យើងខំបង្ហាញសមត្ថភាព ប្រឹងឱ្យគ្រូឃើញយើងល្អ ពេលយើងល្អគ្រូទុកចិត្តគ្រូដាក់ឱ្យលេង។ យើងព្យាយាមហាត់ពីចំណុចខ្វះខាត យើងទាបយើងត្រូវហាត់លោតឱ្យខ្ពស់ ហាត់ជើងអីថែមទៀត ចាំទីគេលេងតិចនិក អ៊ីចឹងយើងត្រូវបង្កើនតិចនិក"។
គេតែងសង្កេតឃើញកីឡាករមួយចំនួនដែរ ពេលពួកគេឡើងជើង បែរជាមិនគោរពវិន័យកក្នុងនាមជាកីឡាករអាជីព។ ត្រង់ចំណុចនេះ ប៊ុនហេង បានប្រាប់មកកាន់ CNCC ថា រូបគេមិនធ្លាប់គិតបែបនេះឡើយ ដោយប្រកាន់ខ្ជាប់នូវគំនិត « ឡើងកាន់តែខ្ពស់ ប្រយ័ត្នកាន់តែខ្លាំង»។
យ៉ាងណាមិញ អ្នកចាំទីកម្ពស់ ១,៧៣ម៉ែត្រ វ័យ២០ឆ្នាំ បានសង្កត់ធ្ងន់ ៖"ខ្ញុំគិតថាឡើងកាន់តែខ្ពស់ កាន់តែប្រយ័ត្នខ្លាំង។ និយាយទៅខ្ញុំហាត់រាល់ថ្ងៃហាត់ជាប្រចាំ។ ព្រោះអីយើងទើបតែឡើង ភ្លេចខ្លួនមួយភ្លែតគឺគេវិញហើយ ដូច្នេះយើងដូចជាន់បាល់នៅក្នុងទឹកអ៊ីចឹង បើភ្លេចខ្លួនមួយភ្លែត បាល់នឹងអណ្ដែតមកលើវិញ អ៊ីចឹងយើងត្រូវក្ដាប់ឱកាសហ្នឹងអោយបាន"។
គួរបញ្ជាក់ផងដែរថា បើតាមសម្ដីអតីតកីឡាករព្រះខ័នរាជស្វាយរៀង គ្រប់ការប្រកួតទាំងអស់សុទ្ធតែពិបាក ប៉ុន្តែក្រុមធ្វើឱ្យគេរងសម្ពាធខ្លាំងជាងគេ គឺភ្នំពេញក្រោនតែម្ដង។ ក្នុងសប្ដាហ៍ទី៥ ក្រុមអង្គរថាយហ្គឺរ ប៉ះជាមួយម្ចាស់ផ្ទះភ្នំពេញក្រោន ប៊ុនហេង បានជួយសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើន ប៉ុន្តែនៅនាទី៥៦ ខ្សែប្រយុទ្ធ Paulo Victor បានឆ្កឹះបាល់ផុតដៃរូបគេ ធ្វើឱ្យក្រុមភ្ញៀវមកពីខេត្តសៀមរាបចាញ់ ១-០។RT