រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានប្រកាសអាសន្ន បន្ទាប់ពីប្រេងម៉ាស៊ូត២០,០០០តោន បានលេចធ្លាយចូលទៅក្នុងទន្លេមួយ នៅក្នុងខ្សែរង្វង់តំបន់អាក់ទិក។ ការលេចធ្លាយប្រេងបានកើតឡើង នៅពេលដែលធុងប្រេងនៅរោងចក្រថាមពលមួយ នៅជិតទីក្រុង Norilsk នៃតំបន់ស៊ីបេរី បានស្រកចុះកាលពីថ្ងៃសុក្រមុន។

ដោយឡែក គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី (SK) បានបើកសវនាការរឿងក្ដីព្រហ្មទណ្ឌជុំវិញការបំពុលបរិស្ថាន និងការធ្វេសប្រហែស ដោយហេតុថា មានការពន្យារពេល២ថ្ងៃ ក្នុងការជូនដំណឹងទៅអាជ្ញាធរក្រុងម៉ូស្គូ អំពីការលេចធ្លាយ។ ការស្រុតចុះដីនៅខាងក្រោមធុងផ្ទុកឥន្ធនៈត្រូវបានគេជឿជាក់ថា បណ្តាលឲ្យលេចធ្លាយប្រេង។

យ៉ាងណាមិញ នាយករោងចក្រថាមពល លោក Vyacheslav Starostin ត្រូវបានគេឃុំខ្លួនរហូតដល់ថ្ងៃទី៣១ ខែឧសភា ប៉ុន្តែមិនទាន់ត្រូវបានចោទប្រកាន់ នៅឡើយទេ។ រោងចក្រនេះគ្រប់គ្រងដោយ ក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Norilsk Nickel ដែលជាក្រុមហ៊ុនផលិតនីកែលនិង palladium នាំមុខគេនៅលើពិភពលោក។

គួរឲដឹងថា ប្រធានាធិបតី ពូទីន បានសម្ដែងការខឹងសម្បារ បន្ទាប់ពីរកឃើញថា ក្រុមមន្ត្រីទើបតែដឹងអំពីឧប្បត្តិហេតុ កាលពីថ្ងៃអាទិត្យ។ លោក Yevgeny Zinichev រដ្ឋមន្ត្រីទទួលបន្ទុកគ្រាអាសន្ននៃប្រទេសរុស្ស៊ី បានប្រាប់លោក ពូទីន ថា រោងចក្រ Norilsk បានចំណាយពេលពីរថ្ងៃ ដើម្បីព្យាយាមទប់ស្កាត់ការកំពប់ប្រេង មុនពេលជូនដំណឹងដល់ក្រសួងរបស់លោក។ ប្រេងដែលលេចធ្លាយបានរសាត់ចេញពីកន្លែងកើតហេតុ ប្រមាណ១២គីឡូម៉ែត្រ ដែលទន្លេ Ambarnaya បានប្រែជាពណ៌ក្រហម៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ