ឥណ្ឌា៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ មានករណីដំរីមានផ្ទៃពោះមួយក្បាលបានវង្វេងចូលក្នុងភូមិមួយនៅកោះ Malappuram នៃរដ្ឋ Kerala ប្រទេសឥណ្ឌា អំឡុងពេលដែលវាព្យាយាមស្វែងរកចំណីស៊ី។ ប៉ុន្តែរឿងដែលកំពុងធ្វើឱ្យពិភពលោករំជួលចិត្តនោះគឺថា ដំរីដែលកំពុងពពោះនោះក្រោយមកបានស្លាប់ដោយសារការលេងសើចរបស់មនុស្សចិត្តខ្មៅ ដោយបានដាក់ម្នាស់ភ្ជាប់ជាមួយផាវពីក្នុងឱ្យដំរីស៊ី។

លុះពេលដែលដំរីលេបម្នាស់ចូលទៅក្នុងពោះ ផាវក៏បានផ្ទុះឡើងហើយធ្វើឱ្យដំរីរងរបួសក្នុងពោះយ៉ាងដំណំ។ ក្រោយមកទៀតដោយសារតែភាពឈឺចាប់ក្នុងខ្លួនខ្លាំងពេក ដំរីអាយុ ១៥ឆ្នាំ នោះក៏បានរត់ចេញពីភូមិ ហើយបានចូលត្រាំក្នុងទឹកទន្លេ Velliyar ជាកន្លែងដែលវាត្រូវបានគេប្រទះឃើញស្លាប់ទាំងកំពុងឈរនៅក្នុងនោះ។ រឿងរ៉ាវដំរីពពោះដ៏កម្សត់នេះកំពុងមានការចាប់អារម្មណ៍ពីសារព័ត៌មាននិងមនុស្សជាច្រើនទូទាំងពិភពលោក ដែលរួមទាំងអ្នកមានឈ្មោះល្បីល្បាញ និងអ្នកនយោបាយ ដោយពួកគេបានសម្តែងការមិនពេញចិត្តចំពោះទង្វើនេះទេ ហើយពួកគេក៏កំពុងស្នើឱ្យមានការដាក់ទោសចំណោះការធ្វើទារុណកម្មលើសត្វព្រៃផងដែរ។

វាជារឿងមួយយ៉ាងអាម៉ាស់របស់មនុស្ស នៅពេលដែលដំរីពពោះកម្សត់នោះជឿទុកចិត្តថា មនុស្សមានចិត្តសណ្ដោសប្រណីឱ្យវា ប៉ុន្តែទីបំផុតដំរីនោះត្រូវស្លាប់ក្រោមដៃមនុស្សដែលវាទុកចិត្តទាំងនោះ។ គួរឱ្យដឹងដែរថាឥណ្ឌាមានដំរីអាស៊ីច្រើនជាងគេបំផុតក្នុងពិភពលោក ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកជាសត្វដែលងាយរងគ្រោះថ្នាក់បំផុត ហើយការសត្វព្រៃនិងមនុស្សក៏មិនមែនជារឿងចម្លែកដែរ នៅពេលដែលសត្វព្រៃទាំងនោះចេញរកចំណី៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ