បុរសម្នាក់គ្មានលុយទៅលោះយកម៉ូតូដែលខ្លួនបញ្ចាំ មិនហ៊ានចូលផ្ទះបែរជាឡើងលើកំពូលភ្នំលោតទម្លាក់សម្លាប់ខ្លួន ខណៈដែលហេតុការណ៍នេះកើតឡើងកាលពីម៉ោង៥ និង៥៨នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ន ភារ៉ា ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

យោងតាមការបំភ្លឺពីសាក្សីមានឈ្មោះ សឿង សុផា ភេទប្រុស អាយុ៣៧ ឆ្នាំនៅភូមិ ភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បូរី ប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦យប់ ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថា ពិបាកចិត្តខ្លាំងណាស់ គឺរូបគេបានយកម៉ូតូទៅបញ្ចាំគេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះទេ។ បុរសនោះថា ពិបាកពេក ខ្ញុំចង់តែស្លាប់ឲ្យផុតៗ ទេ ចង់តែឲ្យរន្ទះបាញ់ស្លាប់ទៅ រួចក៏បែកគ្នាទៅ។

លោក សឿង សុធា បានបន្តថា លុះដល់ម៉ោងប្រហែលមួយរំលងអធ្រាត្រខ្លួនបានលឺដូចអ្វីម្យ៉ាង នៃភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ ដូចដែលធ្លាប់ ឮថ្មភ្នំធ្លាក់ជាញឹកញយ។ លុះដល់ម៉ោង៥ព្រឹកថ្ងៃទី៣០ ខែមិថុនា ពេលខ្លួនដើរទៅបត់ជើងក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំ។

បើតាមលោកអធិការនគរបាលស្រុកមង្គលបូរីបានបញ្ជាក់ថា យោងសាវតារឈ្មោះ រ៉ន ភារ៉ា នេះជាមុខសញ្ញាជក់ និងលក់ថ្នាំញៀនយ៉ាងសកម្មផងដែរ ហើយក៏ធ្លាប់ជាប់ពន្ធធាគារផង និងនៅមណ្ឌលជីវិតថ្មីភ្នំបាក់ (អប់រំបន្សាបសារធាតុញៀន )។ ជនរងគ្រោះពេលនេះក៏ជា ជនបង្កនាពេលកន្លងមកផងដែរដូចជាបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយដែរ។

ក្រោយកម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើខ្លួនសព សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា សពបុរសនេះពិតជាស្លាប់ដោយសារតែលោតពីលើកំពូលភ្នំពិតប្រាកដមែន៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ