ប្រធាន គ.ជ.ប ៖ ទោះបីការបោះឆ្នោត មានការទទួលស្គាល់ក៏ដោយ គ.ជ.ប នៅតែបន្តធ្វើកំណែទម្រង់ ដើម្បីឲ្យការបោះឆ្នោតកាន់តែល្អប្រសើរ ធានាសុវត្ថិភាព និងមិនបែកបាក់ផ្ទៃក្នុង
ភ្នំពេញ ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានថ្លែងថា ទោះបីជាការបោះឆ្នោតកន្លងទៅ មានគេទទួលស្គាល់ក៏ដោយ គ.ជ.ប នៅតែបន្តធ្វើការកំណែទម្រង់ ដើម្បីឲ្យការបោះឆ្នោតកាន់តែប្រសើរ ធានានូវសុវត្ថិភាព សន្តិភាព និងមិនបែកបាក់ផ្ទៃក្នុង ផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ។
ក្នុងឱកាសជួបសំំណេះសំណាលជាមួយ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក ស៊ិក ប៊ុនហុក បានចោទជាសំណួរទៅកាន់អ្នកចូលរួមថា ហេតុអ្វីបានជា គ.ជ.ប នៅតែបន្តធ្វើកំណែទម្រង់ការបោះឆ្នោត? ហេតុអ្វីបានជាប្រធាន គ.ជ.ប ចាំបាច់ត្រូវចុះទៅជួបផ្ទាល់ជាមួយមន្ត្រីតាមបណ្តា លធ.ខប ទាំង២៥?
លោកក៏បានពន្យល់ថា ការធ្វើកំណែទម្រង់នេះ គ.ជ.ប តែងតែធ្វើជាបន្តបន្ទាប់ ព្រោះគ្មានការងារណាមួយធ្វើល្អឥតខ្ចោះនោះទេ។ ការកែទម្រង់ការបោះឆ្នោត គឺដើម្បីឱ្យសាធារណមតិគេទទួលស្គាល់ការពិតនៃការបោះឆ្នោតនៅកម្ពុជា ហើយគេនឹងមិនអាចបដិសេដបានជាពិសេសនឹងមិនមានការធ្វើបាតុកម្មពេញស្រុកទេស ដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសនោះទេ។
លោកបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រទេសមិនតិច ជាង៤០ទេ ដែលមិនទាន់បានរកឃើញសុខសន្តិភាពក្រោយពេលមានបដិវន្តន៍ពណ៌។
លោកបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាការបោះឆ្នោតកន្លងមក មានគេទទួលស្គាល់ហើយក៏ដោយ គ.ជ.ប នៅតែបន្តធ្វើការកំណែទម្រង់បន្ថែមទៀត ដើម្បីឲ្យមានការបោះឆ្នោតកាន់តែប្រសើរទៅៗ ធានាបាននូវសុវត្ថិភាព សន្តិភាពរបស់ស្រុកទេសយើង ហើយវាមិនមានការបែកបាក់ផ្ទៃក្នុង វាមិនស្អប់ខ្ពើមជាតិសាសន៍គ្នាឯង»។
ជាងនេះទៅទៀត ប្រធាន គ.ជ.ប ចោទសួរថា «បើអ៊ឹចឹង តើធ្វើនេះ សម្រាប់ប្រយោជន៍អ្នកណាហ្នឹង? មិនប្រយោជន៍ខ្មែរទាំងអស់គ្នាហ្នឹង។ ចូលរួមធ្វើការបោះឆ្នោតបានត្រឹមត្រូវ តាមបណ្តាគោលការណ៍ទាំងអស់ គឺគ្មានភាគីណាគេបដិសេធលទ្ធផលរបស់យើងទេ»៕EB