ដំណឹងល្អ មង្គលការតារាកម្លែងវ័យក្មេង កញ្ញា នីឡា អាចលេចរូបរាងឡើងក្នុងបំណាច់ឆ្នាំនេះ បន្ទាប់ពីផ្អាកដោយសារតែកូវីដ
ភ្នំពេញ៖ បន្ទាប់ពីអាក់ខានការរៀបចំមង្គលការដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នោះ មង្គលការតារាកំប្លែងវ័យក្មេងនាង វ៉ាន់ នីឡា អាចនឹងលិចរូបរាងឡើងវិញនៅបំណាច់ឆ្នាំនេះ។
តាមពិតទៅមង្គលការកូនរបស់លោកតា វ៉ិទ័រ រូបនេះគ្រោងនឹងរៀបចំឡើងនៅក្នុងខែឧសភានេះ ប៉ុន្តែដោយសារការព្រួយបារម្ភពីការឆ្លងនៃជំងឺកូវីដនេះ ទើបពិធីបានផ្អាកទៅវិញ។
ទាំង វ៉ាន់ នីឡា និងគូដណ្ដឹងរបស់នាង បានប្រកាសព្រមគ្នាថា មង្គលការរបស់អ្នកទាំងពីរត្រូវបានពន្យារពេល ខណៈពេល នីឡា អះអាងថា មង្គលការរបស់នាងអាចនឹងធ្វើឡើងវិញនៅអំឡុងខែវិច្ឆិកា ខាងមុខនេះ។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ លោកសុវណ្ណ រឹទ្ធី ហៅតាវ៉ិចទ័រ បានទទួលស្គាល់ថា មង្គលការរបស់កូនស្រីពិតជាមានគម្រោងធ្វើនៅក្នុងអំឡុងខែ១១នេះពិតប្រាកដមែន។ លោក បានបញ្ជាក់ យើងបានពន្យារពេលការរៀបចំពិធីមង្គលការពួកគេក្នុងអំឡុងខែ៥នេះ ហើយបានពិភាក្សារៀបចំនៅខែ១១ខាងមុខនេះ។
យ៉ាងណា បើតាមលោក តាវ៉ិចទ័រ នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ ព្រោះយើងត្រូវចាំមើលស្ថានការណ៍នៃជំងឺមួយនេះសិន ហើយអ្វីៗយើងត្រូវស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល៕ RR