សំនួរចាក់ដោត! បុរសសង្ហារអាកាសយានិកម្នាក់ ត្រូវមិត្តភក្ក័ជាច្រើនចោទសួរថា «ម៉េចប្រញាប់ការម៉្លេះ មិនចាំមានលុយច្រើនសិនទៅ»
ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនធំបានយល់ជ្រាបដឹងហើយថា មនុស្សគ្រប់រូបមិនថាមនុស្សប្រុស ឬស្រីនោះទេ ចាំបាច់ត្រូវតែមានគូ អ្នកខ្លះមានគូទាំងនៅវ័យក្មេង ឯអ្នកខ្លះទៀតមានអាយុច្រើនបន្តិចទើបយកប្តីប្រពន្ធដោយសារតែគិតថា ចាំសល់លុយសិន បើរៀបការនៅក្មេងពេកមិនទាន់ចេះគិតគូរបានវែងឆ្ងាយ មិនទាន់មានការងារល្អធ្វើ ប្រាក់ខែតិច ឬគិតថាមិនទាន់ចេះរកស៊ីជាដើម។
ជាក់ស្តែង ស្របពេលមនុស្សជាច្រើនតែងតែលើកឡើងពីបញ្ហាទាំងនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Uddomkrissna Chan ដែលជាអ្នកបើកបរយន្តហោះ ឬហៅភីឡុត បានសរសេររៀបរាប់ពីចំណងអាពាហ៍ពិពាហ៍របស់ខ្លួនថា «មិត្តខ្ញុំជាច្រើនសួរខ្ញុំថាម៉េចខ្ញុំប្រញាប់រៀបការម្លេះ? ម៉េចមិនចាំឲ្យមានលុយច្រើនជាងហ្នឹងសិនទៅ ចាំរៀបការ? ពេលមានលុយច្រើនចាំធ្វើពិធីមង្គលការឲ្យផ្អើលភូមិម្តងទៅ! ខ្ញុំបានត្រឹមតែតបវិញថា បើសិនជាចាំឲ្យមានលុយច្រើននឹងត្រូវចាំដល់ពេលណា?ក្នុងនោះដែរ បើសិនជាបានជួបមនុស្សស្រីម្នាក់ដែលល្អហើយហេតុអីចាំបាច់ត្រូវចាំ? ឫក៏ត្រូវចាំរហូតទាល់តែបាត់បង់ទើបស្តាយក្រោយ?
មង្គលការផ្អើលភូមិតើមានប្រយោជន៍អី ឬក៏ប្រាក់ដែលខំរកដោយលំបាកត្រូវយកមកចំណាយខ្ជះខ្ជាយត្រឹមតែ១ថ្ងៃដើម្បីចង់ឲ្យផ្អើលភូមិតែប៉ុណ្ណឹង? អ្នកនិយាយចេះតែនិយាយស្រួលហើយ តែមនុស្សស្រីដែលគេអង្គុយរង់ចាំខ្ញុំ ៣ឆ្នាំហើយ តើត្រូវឲ្យគាត់រង់ចាំយូរប៉ុណ្ណាទៀត? គ្មានមនុស្សស្រីណាម្នាក់សុខចិត្តរង់ចាំរហូតទាល់តែសារមន្ទីរតាមដេញថ្លៃហើយ បានទើបមានឱកាសស្លៀកសំលៀកបំពាក់កូនក្រមុំនោះទេ»។
យ៉ាងណាមិញ ជីវិតរៀបអាពាហ៍ពិពាហ៍ជាគូអនាគតមិនមែនទាល់តែយើងមានប្រាក់ច្រើនហូរហៀរទើបអាចរៀបការជាមួយគ្នានោះទេ ពេលណាអ្នកគិតថា មានថវិកាគ្រប់គ្រាន់អាចមានការងារធ្វើមានប្រាក់ខែរៀងៗខ្លួនមានចិត្តគំនិតចាស់ទុំអាចចេះគិតរឿងតូចធំ មានបទពិសោធក្នុងការរកស៊ីហើយ គួរតែរៀបចំគូអនាគតបានហើយព្រោះកាលណាអ្នកមានរបស់ទាំងនេះហើយបានន័យថា អ្នកជាមនុស្សដែលអាចទុកចិត្តបានអាចក្លាយជាម្ដាយ ឬជាឪពុកគេបានហើយ។
តួយ៉ាង ប្រសិនបើអ្នកចាំជួបមនុស្សដែលអ្នកស្រលាញ់ហើយឲ្យបានចាំរហូតអ្នកសល់លុយនោះអ្នកអាចនឹងមានវិប្បដិសារីព្រោះមនុស្សស្រីមិនអាចរង់ចាំអ្នករាប់ឆ្នាំរហូតដល់អ្នកសល់លុយនោះទេ។ កាលក្លាយជាដៃគូប្តីប្រពន្ធ អាចនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សសល់លុយបាន ដោយសារតែក្រោយពេលអ្នករៀបអាពាហ៍ពិពាហ៍ហើយអ្នកមានប្រពន្ធជាអ្នកទុកដាក់ប្រាក់កាក់ដែលអ្នកខំរកមកមិនដូចអ្នកជានៅតែម្នាក់ឯងចាយលុយមិនសូវគិតនោះទេ។
ដោយឡែក ក្នុងន័យនេះមិនមែនបានន័យថា ជំរុញឲ្យមនុស្សទូទៅរៀបការនៅក្មេងពេកនោះទេ ព្រោះបើរៀបការក្នុងវ័យក្មេងពេក អាចឲ្យអ្នកមិនទាន់ចេះពិចារណាឲ្យបានត្រឹមត្រូវ មិនទាន់មានប្រាក់ខែ បើមនុស្សស្រីអាចមានផ្ទៃពោះវ័យក្មេងពេកប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ហើយបើជាមនុស្សប្រុសឆាប់ឆេវឆាវ ឆាប់ខឹង មានរឿងរ៉ាវតិចតួចអាងយកពាក្យលែងលះគ្នាមកដាក់មុខជាដើម៕ RR