ដំណើរទស្សនកិច្ចនេះដឹកនាំដោយ ឯកឧត្តមស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថាជាតិលេខ៣ភ្នំពេញ-ក្រុងកំពត(១៣៤,៨២៦គ.ម) កំពុងស្ថាបនាឡើងវិញបាន៧៤% និង ពិនិត្យការដាក់ស្លាកសញ្ញាការដ្ឋានដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាម បទដ្ឋានបច្ចេកទេសនិងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ។

សូមជម្រាបជូនថា៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ(ភ្នំពេញ) ទៅបែកគូសប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុង កៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង ។ ដំណាក់កាលទី២ ពីបែកគូសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីក ទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិ ភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន ។

 គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ ពេលនេះ ការសាងសង់សម្រេចបាន៧៤%ហើយ។

នៅក្នុងដំណើរបេសកកម្មចុះពិនិត្យគុណភាពផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យការ បំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំ លងនៅផ្សារត្រាំខ្នារថ្មី ទីតាំង ត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែក ផ្លូវ ក្នុងគោលបំណងដើម្បីធានាសុ វត្ថិភាពនៃកា រធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់/ថ្ងៃ។លើសពីនេះទៀត ឯកឧត្តម ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួង ស្រទាប់គ្រឹះទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែល ប្ដូរពីផ្លូវACទៅផ្លូវបេតុងផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ