ខ្ញុំឈ្មោះ ស ឆ្នាំនេះខ្ញុំមានអាយុ ២៩ឆ្នាំ។ ស្ថិតក្នុងវ័យ២៩ឆ្នាំជាឆ្នាំមួយដែលខ្ញុំរកឃើញការពិតជាច្រើនពីជីវិត ពេលខ្ញុំអាយុ៥ឆ្នាំខ្ញុំចេះជក់បារី ព្រោះហេតុអីព្រោះពុកតែងជក់បារីហើយទុកកន្ទុយបារីចោលពេញផ្ទះ ផ្ទះធំក្លិនសុទ្ធតែផ្សែងបារី  វាមិនចំលែកទេដែលខ្ញុំចេះជក់បារីព្រោះពុកមិនដែលខ្វល់ផងពេលខ្ញុំរើសកំទេចបារីពីគាត់យកជក់បន្ដ
ពេលអាយុ១៣ឆ្នាំខ្ញុំបន្ថែមចំណេះមួយទៀតគឺ ខ្ញុំចេះផឹកស្រា ព្រោះរាល់ពេលពុកមកផ្ទះតែងមកជាមួយដបស្រា ពុកដេកឱបដបស្រាជាប់ជាប្រចាំ។ ពេលខ្ញុំអាយុ១៦ឆ្នាំខ្ញុំឈប់រៀន ហើយក៏ក្លាយជាប្រមុខអ្នកលេង ខ្ញុំពូកែខាងវាយតប់ ទាត់ធាក់ ព្រោះខ្ញុំមានពុកម៉ែសុទ្ធតែជាអ្នកគុណនិយម ពុកវាយម៉ែស្ទើររាល់ថ្ងៃ ម៉ែស្រែកជេរពុកឡូងៗ ហើយហក់វាយគ្នាទៅមកដូចក្នុងរឿងចិនហុងកុង។ អំពើហឹង្សាក្នុងគ្រួសារចំពោះខ្ញុំវាក្លាយទៅជារឿងធម្មតា បើថ្ងៃណាឃើញពុកម៉ែល្អូកល្អើននឹងគ្នាទើបជារឿងចំឡែក។
អាយុ២១ឆ្នាំខ្ញុំក្លាយជាចោរ ខ្ញុំចេះលួចព្រោះពុក និង ម៉ែ តែងលួចលុយខ្ញុំ និងលួចលុយប្អូនស្រីរបស់ខ្ញុំ ពុកយកទៅទិញស្រា ម៉ែយកទៅលេងល្បែង។ អាយុ ២៨ឆ្នាំខ្ញុំជាប់គុកព្រោះខ្ញុំវាយសង្សាររបស់ខ្ញុំ វាមិនមែនជាកំហុសខ្ញុំទេខ្ញុំគ្រាន់តែវាយនាងដូចពុកធ្លាប់វាយម៉ែមករហូតតែប៉ុណ្ណោះ តែប្រហែលជ្រុលដៃជាងពុកទើបនាងស្លាប់ ហើយខ្ញុំក៏ជាប់គុកទៅ។  ការពិតខ្ញុំមិនបានខុសទេ ព្រោះវាមិនមែនជាកំហុសរបស់ខ្ញុំតែម្នាក់ ខ្ញុំធំឡើងក្នុងសង្គមរបៀបនេះតើឱ្យខ្ញុំប្រែទៅជាយ៉ាងម៉េច? ខ្ញុំនឹងមិនអាចក្លាយជាមនុស្សអាក្រក់ទេ ខ្ញុំនឹងមិនក្លាយជាចោរទេបើពុកមិនចេះលួចទេនោះ ខ្ញុំអាចនឹងមិនមែនជាឃាតកបើសិនពុកមិនវាយម៉ែឱ្យខ្ញុំឃើញរាល់ថ្ងៃ ខ្ញុំក៏នឹងមិនវាយនាង នាងក៏មិនស្លាប់។  ខ្ញុំក្លាយជាឃាតក  តើជាកំហុសរបស់ខ្ញុំទាំងស្រុងឬ?  ខ្ញុំមិនអាក្រក់ទេ គ្រាន់តែខ្ញុំរស់នៅក្នុងសង្គមមួយដែលអាក្រក់ជាងអ្នកទាំងអស់គ្នាបន្ដិចតែប៉ុណ្ណោះ។
ប្រភព៖អត្ថបទនៃជីវិត

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ