យោងតាមគេហទំព័រហ្វេសបុករបស់ លោក ឃឹម ហ្វីណង់ បានរៀបរាបថា៖ ភូមិត្រពាំងថ្ម៖ ប្រសិនបើអ្នកជាខ្ញុំ ហើយបានមកដល់ភូមិក្រីក្រមួយនេះ និងឃើញដោយផ្ទាល់ភ្នែកពីស្ថានភាពដុនដាបខ្លាំងនៃការខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរបែបនេះ តើអ្នកគិតយ៉ាងណា?សម្រាប់យើងទូទៅ «ទឹក»គឺជារឿងសាមញ្ញបំផុត ហើយនៅចំពោះមុខអាកាសធាតុក្តៅហួតហែងខ្លាំងបែបនេះ យើងនាំគ្នាផឹកទឹកអោយបានគ្រប់គ្រាន់ និងងូតទឹកអោយបានច្រើនដង។ តែទាំងនេះមិនមែនជាជម្រើសងាយស្រួលសម្រាប់អ្នកភូមិត្រពាំងថ្មនោះទេ។ កុំថាឡើយដល់ទឹកងូតប្រើប្រាស់ រឺស្រោចស្រពដំណាំ សូម្បីតែទឹកស្អាតសម្រាប់បរិភោគក៏ពិបាករកបានដែរ។ ប៉ុន្មានខែមុន នៅទីនេះធ្លាប់មានហេតុការណ៍គួរអោយសង្វេគមួយ ដោយមានករណីភ្លើងឆេះផ្ទះ ហើយអ្នកជិតខាងបានមកជួយទាន់ តែបានត្រឹមអោបដៃឈរមើលអគ្គីភ័យលេបត្របាក់ផ្ទះទាំងមូលទៅវិញ ដោយសារតែមិនអាចរកទឹកពន្លត់បាន។

ខ្ញុំធ្លាប់បានដឹងថាតំបន់នេះខ្សត់ទឹក ព្រោះជាតំបន់ខ្ពង់រាប និងស្ថិតនៅលើទីទួលខ្ពស់ តែមិននឹកស្មានថាមានការលំបាកដល់ថ្នាក់នេះទាល់តែសោះ។ មានរដូវប្រាំងឆ្នាំខ្លះ ធ្លាប់ធ្ងន់ធ្ងរខ្លាំងរហូូតដល់អាជ្ញាធរត្រូវដឹកជញ្ជូនទឹកជូនតាមផ្ទះទៀតផង។ នៅក្នុងរង្វង់១៥គីឡូម៉ែត្រ គេមិនអាចរកប្រភពទឹកណាបានទាល់តែសោះ ក្រៅពីទឹកភ្លៀងនិងទឹកស្រះដែលនៅសេសសល់តិចតួចពីខែវស្សា។ អណ្តូងធម្មតាមិនអាចជីករឺបុកយកទឹកទៅប្រើប្រាស់បាននោះទេ ហើយប្រជាជននៅទីនេះមួយចំនួន គឺត្រូវពឹងផ្អែកទៅលើស្រះទឹក និងអណ្តូងស្នប់ពិសេសតម្លៃថ្លៃមួយចំនួនដែលបានផ្តល់ជូនដោយសប្បុរសជន ដើម្បីយកទឹកដែលល្អក់ទាំងនោះ ទៅច្រោះបន្តរឺកូរសាជូរដើម្បីហូបនិងប្រើប្រាស់ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀតគ្មានជម្រើសអ្វីក្រៅពីការទិញទឹកពីអ្នកដឹកយកមកលក់ពីតំបន់ផ្សេងឡើយ។

បញ្ហាខ្វះខាតទឹកនេះមិនគ្រាន់តែធ្វើអោយជីវិតប្រចាំថ្ងៃអ្នកភូមិជួបការលំបាកប៉ុណ្ណោះទេ ថែមទាំងដាក់សម្ពាធទៅលើកម្រិតជីវភាពរបស់ពួកគាត់ទៀតផង ដោយត្រូវចំណាយបន្ថែមផង និងមិនមានទឹកគ្រប់គ្រាន់ដើម្បី ធ្វើស្រែចម្ការស្រោចស្រពដំណាំផង។ដោយមានការឯកភាពពីឯកឧត្តមអភិបាលខេត្ត ខ្ញុំនិងលោកពូប្រធានក្រុមប្រឹក្សា បានដឹកនាំមន្ត្រីជំនាញមួយចំនួន ចុះមកសិក្សា ពិនិត្យស្ថានភាពជាក់ស្តែង ស្នើសុំ និងព្យាយាមកៀងគរស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍និងយូរអង្វែងជូនប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីផ្តល់ឱកាសអោយពួកគាត់ទទួលបានការអភិវឌ្ឍដូចតំបន់ដទៃ និងមានជីវភាពល្អប្រសើរជាងនេះ។

—————————
បញ្ជាក់៖ ស្ថិតក្នុងចំណោមភូមិក្រីក្រជាងគេនៅក្នុងស្រុកបន្ទាយស្រី ត្រពាំងថ្មគឺជាអតីតតំបន់សមរភូមិក្តៅ ដែលប្រជាជនមួយចំនួនធំទើបតែមកកាន់កាប់ សង់ទីលំនៅក្រោយទទួលបានប្លង់កម្មសិទ្ធិដីកាលពីឆ្នាំ២០១២ គ្មានមុខរបរច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ធនៅខ្យោយ និងតំបន់ខ្លះអាចនៅបន្សល់គ្រាប់មីនមិនទាន់ផ្ទុះផងដែរ។ ភូមិនេះស្ថិតក្នុងភូមិគោលដៅដែលរាជរដ្ឋាភិបាលបានព្យាយាមលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្រ ហើយកន្លងមករដ្ឋបាលស្រុកនិងឃុំក៏បានព្យាយាមប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ ដើម្បីតភ្ជាប់ប្រជាពលរដ្ឋនៅក្នុងភូមិចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ស្រុកដែរ ប៉ុន្តែគម្លាតជីវភាពនៅតែឆ្ងាយគ្នាណាស់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ