ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ដើម្បីកុំឲ្យរបបកម្ពុជា ប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុលពត វិលត្រឡប់មកវិញ ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ព្រោះ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗ រូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យ ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។
សម្ដេចតេជោ បញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះ ជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុលពត ។
សម្ដេចតេជោបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញ ពីទីលំនៅ របស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែល ជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត»៕ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ