ថ្មីៗ រសៀលនេះ រដ្ឋបាលខេត្តសៀមរាបបានត្រៀមគ្រែ និងប៉ៅអីត សម្រាប់ដាក់ពលករខ្មែរទើបវិលត្រលប់មកពីប្រទេសថៃ ដាក់នៅដាច់ដោយឡែក១៤ថ្ងៃ
នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ចុះពិនិត្យមើលស្ថានភាពទីតាំងអគារនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស ចំនួនជាង៤២នាក់ មកពីច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ១៧៖០០នាទី។
ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ ។ ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុកមកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់) ដោយមិនទាន់អនុញ្ញាតឲ្យទៅកាន់លំនៅឋាននោះឡើយ។
តាមការបញ្ជាក់របស់លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានសំណូមពរសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ១៩ ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងអស់គ្នា ។
ក្នុងនោះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជម្រុញដល់មន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ឋ យកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពពួកគាត់ឲ្យបានហ្មត់ចត់ និងមិនត្រូវអនុញ្ញាតឲ្យចេញក្រៅបរិវេណដែលបានហាមនោះទេ បើគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័កប្រចាំការនៅទីនោះ ។ ឯកឧត្តម ក៍បានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាត កូវិដ១៩ ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើងទាំងអស់គ្នា ។
ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ក្នុងការប្រយុទ្ធប្រឆាំង នឹង ជម្ងឺកូវិដ១៩ គឺត្រូវ អនុវត្តឲ្យបានជាប្រចាំនូវគ្រប់វិនាទីនៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នោះប្រទេសជាតិយើងឆ្លងផុតពីជម្ងឺកូវិដ ១៩នេះគ្រប់ៗគ្នា ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ