ភ្នំពេញ ៖ ក្រុមហ៊ុន Thalis និងអ្នកជំនាញផលិតឈីស (Cheese) មកពីប្រទសបារាំង ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជាមានបំណងដាក់ទុនវិនិយោគផលិតឈីស (Cheese) ពីទឹកដោះគោស្រស់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ដើម្បីសិក្សាពីលទ្ធភាពរៀបចំកិច្ចសហការរួមគ្នាលើការផលិតឈីសនៅពេលខាងមុខនេះដោយផ្ទាល់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ប្រតិភូជាន់ខ្ពស់នៃក្រុមហ៊ុន Thalis និងអ្នកជំនាញ ផលិតឈីសមកពីប្រទសបារាំង ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា បានអញ្ជើញមកទស្សនកិច្ចឈ្វេងយល់ពីចង្វាក់ផលិតកម្មទឹកដោះគោស្រស់ និងកសិដ្ឋានចញ្ចឹមគោទឹកដោះ នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប នៃខេត្តព្រះវិហារ។

នៅក្នុងឱកាសជំនួបនេះ លោក ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានធ្វើបទបង្ហាញអំពី ប្រវត្តិនៃការចញ្ចឹមគោទឹកដោះ និងសង្វាក់ ផលិតកម្ម កែច្នៃទឹកដោះគោស្រស់សុទ្ធ១០០ភាគរយ ជូនដល់ប្រតិភូ និងអ្នកជំនាញបាន ទទួលជ្រាប និងបានទៅទស្សនាទីតាំងសំខាន់ៗ មួយចំនួន ដូចជា ៖ កសិដ្ឋានចិញ្ចឹមគោ ទឹកដោះ ខ្សែសង្វាក់ផលិតកម្មកែច្នៃទឹកគោស្រស់ វាលស្មៅ កសិដ្ឋានចិញ្ចឹមពពែ និងទីតាំង បុរាណដ្ឋាន ព្រមទាំង សារៈមន្ទីរនៅនឹងស្ថានីយបុរាណវិទ្យាស្ដីពីឧស្សាហកម្មស្លដែកបុរាណ ថែមទៀតផងដែរ។

ក្រោយពីស្តាប់បទបង្ហាញនិងទស្សនាទីតាំងដោយផ្ទាល់មក ប្រតិភូនិងអ្នកជំនាញខាងផលិត ឈីស បានវាយតម្លៃខ្ពស់និងចាប់អារម្មណ៍ យ៉ាងខ្លាំងមកលើសក្តានុ ពលរបស់ឧទ្យាន ជា ពិសេស បានផ្ដល់តម្លៃខ្ពស់ថា «ផលិតផលទឹកដោះគោស្រស់នេះ គឺជាផលិតផលទឹកគោសុទ្ធ មានរស់ជាតិឆ្ងាញ់ ក្លិនឈ្ងុយក្រេម ។ហើយមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ទឹកដោះគោនេះ ពិតជាអាចយកទៅផលិតឈីសបានយ៉ាងល្អ»។

សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើង ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥ គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ