ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់និងជាការលួចទ្រព្យសម្បត្តិ របស់ យើងទាំងអស់គ្នាហេីយអាជ្ញាធរមូលដ្ឋានមានតួនាទីចូលរួមការពារ និង អភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឲ្យមានការកាប់រានដីព្រៃរបស់រដ្ឋ។ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុង តំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរី ។

លោក សាយ សំអាល់ មានប្រសាសន៍ថា« អាជ្ញាធរមូលដ្ឋានដែលមាន តួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមាន ការកាប់រានដុតឆ្ការទន្ទ្រាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះ ឱ្យក្រុមជនខិលខូចឡើយនេះ ជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ » ។

លោកបញ្ជាក់ថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយ ខុសច្បាប់កើតមានឡើងនៅក្នុង តំបន់ការពារធម្មជាតិហើយមានការជាប់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋានខ្លះ ដូចជា មេភូមិ មេឃុំ ជាដើម ដែលនៅបន្ត បំពានច្បាប់ចុះហត្ថលេខាលើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខា បញ្ជាក់ពី ការកាន់កាប់ដីដោយខុសច្បាប់ទោះបីជា មានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមក ហើយពីសំណាក់មន្ត្រីជំនាញ យ៉ាងណាក៏ដោយ ។ ការណ៍នេះចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់តឹងរឹង ប្រឆាំងនឹងការរំលោភបំពាននេះ ។ 

លោក សាយ សំអាល់ សង្កត់ធ្ងន់ថា៖ « រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ក្រសួងបរិស្ថានពិតជាសប្បាយរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋមាន ជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់ » ។

សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលមាន ផ្ទៃដី៨៩៣ ៥៩៤ ហិកតា ក្នុងនោះមានដូចជា ឧទ្យានជាតិវីរៈជ័យ ឧទ្យាន ជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាង វើនសៃ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ