ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ នាយកដ្ឋានអង្គភាពជំនាញពាក់ព័ន្ធ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្ដាប់សភាពការណ៍ ប្រមូលផ្ដុំព័ត៌មាន ដើម្បីចាត់វិធានការច្បាប់ចំពោះសកម្មភាពញុះញង់ បំពុលសភាពការណ៍ បង្កចលាចល ប្រឆាំងនឹងបទបញ្ជា និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។

យោងតាមសេចក្ដីណែនាំ អគ្គស្នងការនគរបាលជាតិ ស្ដីពី ការអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើ ការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីដ-១៩ ចេញ ផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន  ឲ្យ ប្រធានអង្គភាពទាំងអស់ត្រូវអប់រំ ណែនាំដល់កងកម្លាំង ដែលមានភារកិច្ចឈរជើងនៅគោលដៅហាមឃាត់ អំពីសីលធម៌ និងឥរិយាបថធ្វើការងារ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងហាមដាច់ខាតរាល់សកម្មភាពឆក់ឱកាសប្រព្រឹត្តល្មើសនឹងបទបញ្ជា និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍  បន្ដថា អង្គភាពអន្ដរាគមន៍ អង្គភាពតម្រួតបទបញ្ជា និងនាយកដ្ឋាននគរបាលការពារ ត្រូវប្រកាសចំណុចខ្ពស់ ប្រមូលផ្ដុំ និងគ្រប់គ្រងកម្លាំងឲ្យបានហ្មត់ចត់ ព្រមទាំងត្រៀមមធ្យោបាយ ឧបករណ៍ សម្ភារ សម្រាប់អន្ដរាគមន៍គាំទ្រដល់រាជធានី-ខេត្ត នៅពេលមានសំណូមពរ ឬមានបទបញ្ជា។


សូមរំលឹកថា រាជរដ្ឋាភិបាល បានដាក់កំហិត លើការធ្វើដំណើរ ឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល មិនមានការហាមឃាត់ទេ។ ការដាក់កំហិតលើការធ្វើដំណើរនេះ បានអនុវត្តកាលពីថ្ងៃទី៩មេសា ដល់ ថ្ងៃទី១៦ ខែមេសា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ភូមិ ស្រុក ក្នុងអំឡុងពេលចូលឆ្នាំ នាពេលខាងមុខនេះ៕


ដោយ ៖ E B

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ