មន្ទីរមុខងារសាធារណៈ ត្រូវធ្វើគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩
ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត និងអាជ្ញាធរសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសមន្ទីរមុខងារសាធារណៈត្រូវធ្វើគំរូក្នុងការចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តដោយប្រសិទ្ធភាពក្នុងស្មារតីសន្សំសំចៃខ្ពស់នូវការប្រើប្រាស់ក្របខ័ណ្ឌបុគ្គលិក និងថវិការដ្ឋ។
ការលើកឡើង របស់លោក ព្រុំ សុខា ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការនៃមន្ទីរ មុខងារ សាធារណៈខេត្ដកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមក្រសួងមុខងារសាធារណៈ។
លោក ព្រុំ សុខា បានមានប្រសាសន៍ថា តាមរយៈការអនុវត្តដោយប្រសិទ្ធភាពក្នុងស្មារតីសន្សំសំចៃខ្ពស់នូវការប្រើប្រាស់ក្របខ័ណ្ឌបុគ្គលិក និងថវិការដ្ឋនេះ ចៀសវាងដាច់ខាតបាតុភាពធូររលុង ខ្ជះខ្ជាយធនធានមនុស្ស និងធនធានហិរញ្ញវត្ថុរបស់ជាតិ ពុះពាររាល់ការលំបាក ប្រឹងប្រែងបំពេញការងារឱ្យបានប្រសើរទ្វេដងថែមទៀត។
លោកគូសបញ្ជាក់ពីសារៈសំខាន់នៃមុខនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ផ្នែកមុខងារសាធារណៈ ដែលជាតួអង្គសំខាន់មួយមិនអាចខ្វះបាននៃការអនុវត្តនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌរដ្ឋបាលដែនដីនៅថ្នាក់ក្រោមជាតិ។
លោកសំណូមពរដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃខេត្តនីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវចាត់ទុកមន្ទីរមុខងារសាធារណៈ ជាបង្អែកដ៏រឹងមាំក្នុងការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល លើការកែទម្រង់វិស័យអាទិភាពជាអាទិ៍ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ប្រព័ន្ធ យុត្តិធម៌ និងតុលាការ ។
លោកជឿជាក់ថា កម្លាំងសាមគ្គីប្រជាជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល យើងពិតជាឈ្នះកូវីដ-១៩ និងជម្នះបានរាល់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ នាំសង្គមជាតិយើងវិលត្រឡប់ឆាប់រហ័សទៅកាន់ប្រក្រតីភាពធម្មតាឡើងវិញ ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់អនាគតរុងរឿងរបស់មនុស្សជំនាន់នេះ និងជំនាន់ក្រោយទៀត៕EB