បន្លែផ្លែឈើចំនួន៤មុខរួមមាន ខ្ញី ម្ទេស ស្ពៃ និងផ្លែក្រូចឃ្វេចសម្រាប់លាយជាមួយទឹកអំពៅ មានទម្ងន់សរុប៤តោន ត្រូវបានប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញអង្គភាពការពារអ្នកប្រើប្រាស់និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តចុះត្រួត ពិនិត្យការនាំចូលបន្លែ ផ្លែឈើទាំងនេះនៅច្រកទ្វារទ្វេភាគីអន្តរជាតិភ្នំដិន ដែលសម្រេចឱ្យអាជីវករនាំទៅប្រទេសវៀតណាមវិញរួចឱ្យធ្វើកិច្ចសន្យា។ ការតម្រូវឱ្យអាជីវករដែលនាំទំនិញជាបន្លែ និងផ្លែឈើនេះទៅវៀតណាមវិញ ដើម្បីសម្រាលការខាតបង់របស់អជីវករខ្មែរ។

ការរកឃើញមុខទំនិញជាប្រភេទបន្លែ ផ្លែឈើនេះ គឺមានផ្ទុកនូវសារធាតុគីមីជាថ្នាំកាកសំណល់ជីកសិកម្ម ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត រួមជាមួយលោក ប៉ោ លាងគង់ ប្រធានក.ប.ប (កាំកុងត្រូល) សាខាខេត្តចុះត្រួតពិនិត្យមុខទំនិញបន្លែផ្លែឈើ នៅច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតនៅស្រុកគីរីវង់ ខេត្តតាកែវកាលពីព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០ ។ លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងលោក ប៉ោ លាងគង់ ប្រធាន ក.ប.ប បានឱ្យដឹងថា ដោយអនុវត្តន៍តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរណ អហរ័ណ និងបង្ក្រាបការក្លែងបន្លំ បានធ្វើការចុះត្រួតពិនិត្យទំនិញ និងទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីពីក្រៅប្រទេសចូលមកធ្វើចរាចរណ៍នៅក្នុងស្រុក ។

ដើម្បីការពារអំពីផលប៉ះពាល់សុខភាពដល់អ្នកបរិភោគ និងជាការគិតគូរពីសុវត្ថិភាពចំណី អាហារ ដែលបច្ចុប្បន្នកំពុងគំរាមកំហែងពីគ្រប់រូបភាពដោយការប្រើថ្នាំរបស់ក្រុមឈ្មួញ ។ ការត្រួតពិនិត្យ នេះដែរ ក្រុមមន្ត្រីជំនាញបានដកហូតបន្លែ ផ្លែឈើចំនួន២១គំរូ យកមកធ្វើការពិនិត្យលើរថយន្តពិសោធន៍ចល័ត ដោយក្នុងការពិនិត្យនោះបានធ្វើតេស្តរកឃើញបន្លែចំនួន៣មុខ និងផ្លែឈើ១មុខរួមមាន ខ្ញី ម្ទេស ស្ពៃ និងផ្លែក្រូចឃ្វេចដែលគេយកទៅកិនជាមួយទឹកអំពៅ មានផ្ទុកនូវសារធាតុគីមីសំណល់ថ្នាំកសិកម្ម ។ ក្រោយការរកឃើញ បន្លែផ្លែឈើសរុបចំនួន៤តោននេះ មិនបានយកទៅបំផ្លាញចោលនោះទេ ដោយឱ្យក្រុមអាជីវករដែលជាជនជាតិខ្មែរទាំងនោះធ្វើកិច្ចសន្យា និងឱ្យនាំបន្លែផ្លែឈើទាំង៤មុខនោះត្រឡប់ទៅប្រទេសវៀតណាមវិញ ទុកឱ្យវៀតណាមហូបខ្លួនឯងទៅ ដើម្បីបន្ធូរបន្ថយការខាតបង់របស់អាជីវករខ្មែរយើង ។ មន្ត្រីជំនាញថា ចំពោះមុខទំនិញដែលជាប្រភេទបន្លែផ្លែឈើទាំង៤មុខដែលហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះយើងរង់ចាំវិញ្ញាបនប័ត្របញ្ជាក់អំពីគុណភាពទំនិញពីភាគីវៀតណាមថា មិនមានសារធាតុគីមីសំណល់ថ្នាំកសិកម្មទើបយើងធ្វើការពិនិត្យសាជាថ្មីម្តង ទៀត។ ប្រសិន បើបញ្ជាក់ថាមិនមានសារធាតុគីមី នោះបន្លែផ្លែឈើទាំង៤មុខខាងលើ និងអនុញ្ញាតឱ្យនាំចូលបង់ពន្ធគយទៅតាមច្បាប់៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ