ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានថ្លែងថា ភាគីវៀតណាមដែលបានបោះតង់ជាប់នឹងព្រំដែនកម្ពុជាចំនួនប្រាំបីកន្លែង នាពេលកន្លងមកគឺមិនមែនជាតំបន់សនោះទេ វាគឺជាតំបន់ដែលមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន។យោង តាម ការ ចេញផ្សាយ  អគ្គស្នងការដ្ឋាននគរបាលជាតិ។ 

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយនគរបាលជាន់ខ្ពស់-នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំអគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោក ហ៊ូ សាគុណ បានឲ្យដឹងថា  ក្នុងនាមនគរបាលជំនាញព្រំដែនមិនត្រូវយល់ច្រឡំនោះទេ ខណៈមានមតិខ្លះថា ការបោះតង់បីកន្លែងពីសំណាក់ភាគីវៀតណាមនាពេលកន្លងទៅជាប់នឹងព្រំដែនខេត្តកណ្តាល ប្រទេសកម្ពុជានោះថា ជាតំបន់សគឺមិនមែនទេ ហើយត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់។

លោកមានប្រសាសន៍ថា «យើងឃើញថានៅព្រំដែនជាមួយនឹងប្រទេសវៀតណាម យើងមើលឃើញថា មានចំនួនបោះតង់ប្រាំបីត្រូវបានរើចេញ ហើយបានដកថយទៅក្រោយវិញ ប៉ុន្តែពីមុនពួកគេបានមកបោះគៀកនឹងព្រំដែន ហើយការគេបោះនោះយើងមិនអាចនិយាយថាជាតំបន់សនោះទេ ពីព្រោះថា វាមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែង។ ដូច្នេះហើយក្នុងរយៈពេលកន្លងទៅនេះឃើញមានសាធារណមតិមួយចំនួនគាត់បានលើកឡើងថា ជាតំបន់ស តែតាមពិតទៅវាមិនមែនជាតំបន់សទេ វាគឺជាតំបន់ដែលមិនទាន់មានការឯកភាពគ្នាក្នុងការវាសវែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន»។

ជាមួយគ្នានោះដែរ អគ្គស្នងការរងនគបាលជាតិ បានបញ្ជាក់ថា ចាប់តាំងពីករណីមេរោគកូវិដ១៩ មកភាគីវៀតណាមបានបោះតង់ដោយឯកតោភាគីចំនួន២៥៦កន្លែង នៅតាមខេត្តមួយចំនួនដែលជាប់នឹងព្រំប្រទល់វៀតណាម ប៉ុន្តែដោយសារមានការតវ៉ាពីសំណាក់រដ្ឋបាលរបស់កម្ពុជាយើង ពួកគេបានសម្រេចរើចេញ និងថកថយជាច្រើនកន្លែងវិញ។ តែទោះជាយ៉ាងនេះក្តីនៅរយៈពេលថ្មីៗនេះពួកគេក៏បានសង់ឡើងចំនួនពីរកន្លែងផងដែរ ដូច្នេះយើងត្រូវជូនដំណឹងទៅតាមរដ្ឋបាលដែនដីខេត្តនីមួយៗ ដើម្បីធ្វើយ៉ាងណាប្រាប់ដល់ពួកគេ(វៀតណាម)កុំឲ្យមានផលប៉ះពាលនៃទំនាក់ទំនង និងផលប្រយោជន៍រវាងគ្នា និងគ្នា ដោយសារតែបញ្ហាព្រំដែននោះ។

យ៉ាងណាក៏ដោយ អគ្គស្នងការរងនគបាលជាតិ ក៏បានអំពាវនាវដល់នគរបាលព្រំដែនទាំងអស់ ត្រូវមានការស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវការពារឲ្យបានដាច់ខាត់នូវបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវកំចាត់ចោលពួកអមិត្តទាំងអស់ដែលមានចេតនាចង់បំផ្លិតបំផ្លាញជាតិ ជាដើមនោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ