នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ Blue Sky Rescue (BSR) នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះមកបាញ់ថ្នាំសម្លាប់មេរោគ នៅក្រុងតាខ្មៅ តាមទីតាំងសំខាន់ៗរួមមាន ផ្សារតាខ្មៅថ្មី ផ្សារតាខ្មៅចាស់ សួនកុមារមាត់ទន្លេ បាសាក់ ហើយនឹងបន្តទៅបាញ់ថ្នាំសម្លាប់មេរោគ នៅឯផ្សារស្អាងស្រុកស្អាងទៀតផងដែរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
តាមការគ្រោងទុក ក្រុមអ្នកជំនាញចិនទាំងនោះ នឹងធ្វើប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន នៅកម្ពុជា ដោយមានការសម្របសម្រួល ពីក្រុមការងារនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស) រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ជាពិសេសនៅក្នុងប្រតិបត្តិការនេះ ក្រុមជំនាញចិន ក៍គ្រោងនឹងធ្វើការបណ្តុះបណ្តាលដល់ក្រុមជំនាញ កម្ពុជាអំពីវិធីសាស្ត្រការពារ បង្ការ ទប់ស្កាត់ និងបាញ់កម្ចាត់មេរោគទៀតផង។បើតាមការឲ្យដឹងពីក្រុមអ្នកជំនាញស្ម័គ្រចិត្តដែល មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវនេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមនេះនឹងបំពេញប្រតិបត្តិការរបស់ខ្លួន រយៈពេល១៥ថ្ងៃ ដើម្បីបាញ់ថ្នាំកម្ចាត់មេរោគ បង្ការ និងទប់ស្កាត់ជំងឺ កូវីដ១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ដោយប្រើប្រាស់ឧបករណ៍ និងសម្ភាររួមមាន៖ ម៉ាស៉ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាស់វេជ្ជសាស្ត្រចំនួន ២៨០,០០០បន្ទះ និងសម្លៀកបំពាក់ការងារមិនមែនវេជ្ជសាស្ត្រ ចំនួន ៩០០សម្រាប់ ដែលគិតជាទឹកប្រាក់ប្រមាណជាង ១,២៨៨,០០០ យ័ន។គួរំលឹកផងដែរថា ក្រុមអ្នកជំនាញស្ម័គ្រចិត្តចិនទាំងនោះមានសមាជិកចំនួន ១០រូប ដែលបានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ