កម្ពុជា គ្រោងស្នេីបញ្ចូលបទអន្តរាគមន៍ ស្តីពី សកម្មភាពការដឹកជញ្ជូនអំឡុង កូវីដ-១៩ ទៅក្នុងរបៀបវារៈកិច្ចប្រជុំឧត្ដមមន្ត្រី ដឹកជញ្ជូន អាស៊ី-អឺរ៉ុប
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជា គ្រោងស្នេីបញ្ចូលបទអន្តរាគមន៍ស្តីពីសកម្មភាពការដឹកជញ្ជូនក្នុងអំឡុងពេល ការឆ្លងរីករាយដាលនៃមេរោគកូវីដ១៩ និងក្រោយពេលស្រាកស្រាន្ត ឬថយចុះការឆ្លងរាលដាលនៃមេរោគនេះ និងជម្ងឺឆ្លងដទៃទៀតនៅពេលខាងមុខ ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំឧត្ដមមន្ត្រី ដឹកជញ្ជូនអាស៊ី-អឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈសន្និសីទវីដេអូ។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងសាធារណការ កាលពី ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើបទអន្តរាគមន៍របស់កម្ពុជាសម្រាប់ដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំឧត្ដមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួង។
កិច្ចប្រជុំនេះបានពិភាក្សាលើប្រធានបទ និងខ្លឹមសារនៃបទអន្តរាគមន៍ទាក់ទងនឹងការដឹកជញ្ជូនតាមបែបឌីជីថល ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងការដឹកជញ្ជូនដែលគ្មានឧស្ម័នកាបូនិច រវាងប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ដែលកម្ពុជាត្រូវចូលរួមធ្វើបទបង្ហាញក្នុងកិច្ចប្រជុំឧត្ដមមន្ត្រីដឹកជញ្ជូនអាស៊ី-អឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ តាមរយៈសន្និសីទវីដេអូ ជាមួយឧត្តមមន្រ្តីក្រសួងនវានុវត្តន៍ និងបច្ចេកវិទ្យាហុងគ្រី ដែលជាប្រធាននៃកិច្ចប្រជុំ និងសមាជិក ជាឧត្តមមន្រ្តីមកពីក្រសួងដឹកជញ្ជូននៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប។
អង្គប្រជុំបានឯកភាពស្នេីសុំដាក់បញ្ចូលបទអន្តរាគមន៍សំខាន់មួយទៀតទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំឧត្ដមមន្ត្រីដឹកជញ្ជូន អាស៊ី-អឺរ៉ុបទាក់ទងនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ដែលបណ្តាប្រទេសទាំងឡាយនៅក្នុងពិភពលោកកំពុងជួបប្រទះ ក្នុងនោះរួមមានកម្ពុជាផងដែរ ពិសេសនៅក្រោយពេលថមថយស្រាកស្រាន្តការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ក៏ដូចជាមេរោគឆ្លងដទៃទៀតដែលអាចកើតមានឡើងនៅពេលអនាគត ដេីម្បីរិះរកវិធានការសមស្រប និងសកម្មភាពអប្បបរមា លើការដឹកជញ្ជូនគ្រប់ប្រភេទ ឈានទៅការធ្វើឱ្យដំណេីការឡើងវិញ នៃការដឹកជញ្ជូន ការតភ្ជាប់ ទេសចរណ៍ និងពាណិជ្ជកម្ម៕E B