មណ្ឌលគិរី៖ បងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី នៅតែរក្សាប្រពៃណីទំនៀមទម្លាប់ដាំស្រូវចម្ការរបស់ពួកគាត់ បើទោះបីពេលបច្ចុប្បន្ន មានឧបករណ៍សម្ភារៈកសិកម្ម មានភាពទំនើបក៏ដោយ ក៏ប្រពៃណីដាំស្រូវមួយនេះនៅតែមានវត្តមានតាមសហគមន៍ជនជាតិដើមភាគតិចនៅឡើយ។

លោក ព្លើន ស៊ីផុន ជាចាស់ទុំ និងជាជនជាតិដើមភាគតិចព្នង រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ប្រពៃណីដាំស្រូវចម្ការនេះ គឺមានតាំងពីយូរលង់ណាស់មកហើយ ហើយការដាំស្រូវចម្ការនេះ ចាំផ្តើមដាំដុះ ក្នុងខែឧសភា រហូតដល់ដើមខែកក្កដា ដែលមានប្រភេទពូជស្រូវស្រាល និងស្រូវធ្ងន់ សម្រាប់ធ្វើការដាំដុះនៅតាមជើងភ្នំ ឫចង្កេះភ្នំ។ លោក ក៏បានបន្ថែមថា ការដាំស្រូវចម្ការនេះ ខុសប្លែកពីធ្វើស្រូវរដូវវស្សារបស់បងប្អូនខ្មែរនៅក្នុងតំបន់វាលទំនាប ត្រង់ថាបងប្អូនជនជាតិដើមភាគតិចដាំស្រូវចម្ការរបស់ពួកគាត់ គឺពួកគាត់បានប្រមូលគ្នាជាសហគមន៍ប្រវាសដៃគ្នា ការដាំស្រូវរបស់ពួកគាត់គឺខុសផ្លែកពីតំបន់ទំនាបកណ្ដាលត្រង់ពួកគាត់បានចោះព្រៃតាមតំបន់ភ្នំហើយបុកដាំមិនមានការភ្ជួររាស់ដូចតំបន់ទំនាប់កណ្ដាលនោះទេ ហើយចំពោះទិន្នផលស្រូវចម្ការ ក៏បានតិចតួចដែរ ខុសពីការធ្វើស្រូវវស្សា ដែលងាយស្រួល និងបានទិន្នផលខ្ពស់ផងដែរ។

លោក ស៊ីដន ចាន់ ជាគ្រូបង្រៀនម្នាក់ និងជាជនជាតិដើមភាគតិចព្នង រស់នៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា បានឱ្យដឹងដែរថា ក្រៅពីការដាំស្រូវចម្ការរួចរាល់ រូបលោកក៏បានដើររកអាស្រ័យផលលើធនធានធម្មជាតិ ដូចជារកជ័រ កាប់ផ្តៅ នៅក្នុងព្រៃ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅបន្ថែម។ លោក ស៊ីដន ចាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស បងប្អូនជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរី ត្រូវចូលរួមថែរក្សាការពារ អភិរក្សប្រពៃណី និងទំនៀមទំលាប់ ដែលមានតាំងពីយូរលង់ណាស់មកហើយ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយៗទៀត ។

ទាក់ទិនហ្នឹងការដាំស្រូវចម្ការតាមរបៀបប្រពៃណីជនជាតិដើមភាគតិចខាងលើនេះដែរ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រពៃណីដាំស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចនេះ គឺមានតាំងពីយូរយលង់ណាស់មកហើយ បើទោះបច្ចុប្បន្នសម្ភារៈកសិកម្មមានភាពទំនើបយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្ដរក្សាទំនៀម ទម្លាប់ដើមដដែល ប៉ុន្តែ មានការប្រែប្រួលច្រើន ដោយពួកគាត់ងាកទៅដាំដំណាំផ្សេងៗវិញ ដូចជាស្វាយចន្ទី និងដំឡូងមី និងដាំរួមផ្សំផ្សេងៗទៀត ព្រោះដំណាំទាំងនោះទទួលបានទិន្នផលខ្ពស់ជាង។ ពួកគាត់ចាប់ផ្ដើមដាំស្រូវចាប់ពីដើមខែមិថុនា រហូតដល់ខែកញ្ញា ទើបចាប់ផ្ដើមប្រមូលផល។ លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅឆ្នាំ២០២០ ផ្ទៃដីដាំស្រូវចម្ការរបស់បងប្អូនជនជាតិដើមភាគតិចនៅមានចំនួនតិចតួចប៉ុណ្ណោះ ចំពោះដំណាំស្រូវចម្ការក្នុងខេត្តរួមមាន៖ កាលពីឆ្នាំ២០១៩ អនុវត្តបានសរុបចំនួន១.៦៤០ ហិកតា តិចជាងឆ្នាំ២០១៨ចំនួន ៤៨១ ហិកតា ដល់ឆ្នាំ២០២០ គិតមកត្រឹមពេលនេះ អនុវត្តបានត្រឹម ចំនួន ៩៥ ហិកតា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ