ខេត្តត្បូងឃ្មុំ ក្លាយជាខេត្តសំបូរទៅដោយកសិផលពោតក្រហម សម្រាប់ផលិត ចំណីសត្វ
ខេត្តត្បូងឃ្មុំជាខេត្តមួយក្នុងចំណោមបណ្តាខេត្តមួយចំនួននៅតាមដងទន្លេមេគង្គ និងបាសាក់ និងបណ្តាខេត្តនៅជាប់ព្រំដែនថៃ បាននិងកំពុងចូលរួមផលិតពោតក្រហមសម្រាប់ផលិតចំណីសត្វ ។
ជាទូទៅប្រជាកសិករនៅក្នងខេត្តនេះ បានធ្វើការដាំដុះដំណាំពោតតាមតំបន់ដីទំនាបលិចទឹកទន្លេមេគង្គ រួមមាន៖ ក្នុងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និងស្រុកអូររាំងឪ ដែលមានផ្ទៃដីសរុបប្រមាណ ១០ ៧៩០ ហិកតា ក្នុងនោះគឺបានដាំដុះក្នុងរដូវប្រាំងចំនួន ៦ ៨៥៥ ហិកតា នៅស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ដែលផ្តល់ទិន្ន ផលជាមធ្យម ៥,៤០តោន/ហិកតា និងរដូវវស្សាចំនួន ៣ ៩៣៥ ហិកតា ស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ និង ស្រុកអូររាំងឪ ដែលផ្តល់ទិន្នផលជាមធ្យម ៥,១២តោន/ហិកតា។ បច្ចុប្បន្ន ក្នុងខេត្តត្បូងឃ្មុំ មានពូជពោតប្រមាណ ១០ពូជ ត្រូវបានប្រជាកសិករប្រើប្រាស់ ដែលបានផ្តល់ទិន្នផលនិងគុណភាពផ្សេងៗគ្នា និងឆ្លើយតម្រូវការរបស់ទីផ្សារដូចគ្នា។
រីឯបរិមាណផលសរុបវិញក្នុងមួយឆ្នាំៗសម្រេចបានចំនួនប្រមាណ៥៦៧៥០តោន គិតគ្រាប់ពោតស្ងួត។ តាមរយៈការផ្សព្វផ្សាយបច្ចេកទេសដាំដុះពីមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំនិងអ្នកបច្ចេកទេសរបស់បណ្តាក្រុមហ៊ុនលក់ពូជពោត ប្រជាកសិករនៅខេត្តត្បូងឃ្មុំបានធ្វើការផ្លាស់ប្តូរទម្លាប់ពីការដាំដុះតាមបែបប្រពៃណី មកទទួលយកការដាំដុះតាមបច្ចេកទេសថ្មី ដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ប្រព័ន្ធទុយោបាចសាចដែលប្រើប្រាស់ទឹកតិច ការប្រើប្រាស់ជីទ្រាប់បាត ការប្រើប្រាស់ជីបំប៉ន ការប្រើប្រាស់ថ្នាំកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យបរិមាណផលពោតមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ទន្ទឹមនោះ ការប្រមូលផល ក៏ត្រូវបានផ្លាស់ប្តូរពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សទាំងស្រុង មកប្រើម៉ាស៊ីនច្រូតពោត និងប្រឡេះគ្រាប់ពោតច្រកការ៉ុងតែម្តង ដែលចំណេញពេលវេលា ថវិកា កម្លាំងពលកម្ម និងកាត់បន្ថយការខាតបង់។ ក្នុងខេត្តត្បូងឃ្មុំ ការដាំដុះដំណាំពោតរដូវប្រាំងគឺអាចប្រមូលផលនៅចន្លោះខែកុម្ភៈដល់ខែមេសា និងរដូវវស្សាប្រមូលផលនៅចន្លោះខែកក្កដាដល់ខែកញ្ញា។ ក្នុងការឆ្លើយតបទៅនឹងការលំបាករបស់ប្រជាកសិករ លើការសម្ងួត និងជង្រុកក្នុងការស្តុកពោតក្រោយការប្រមូលផល នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឡសម្ងួតពោតមួយចំនួន ត្រូវបានបង្កើតឡើង នៅតាមលំនៅដ្ឋាន ជាក់ស្តែង នាពេលបច្ចុប្បន្ននេះមានឡសម្ងួតពោតចំនួន ៧ឡ ក្នុងខេត្តត្បូងឃ្មុំ នៅក្នុងស្រុកក្រូចឆ្មារចំនួន ៥ឡ និងស្រុកត្បូងឃ្មុំ ចំនួន ២ឡ ដែលមានសមត្ថភាពសម្ងួតគ្រាប់ពោតពី ១៥០០ តោនទៅ ៣ ០០០ តោន ក្នុងមួយឡក្នុងមួយឆ្នាំ។ ទោះបីឡសម្ងួតទាំងនោះ មិនទាន់មានភាពស្វ័យប្រវត្តិ តែវាបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ជាពិសេសថ្លៃដើមផលិត។